សហរដ្ឋអាមេរិកប្រកាសផ្តល់មូលនិធិថាមពលស្អាតថ្មីចំនួន២០លានដុល្លារសម្រាប់តំបន់ទន្លេមេគង្គ

0

ដោយ: លាងហួរ

បាងកក: អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានប្រកាសផ្តល់មូលនិធិថ្មីចំនួន២០លានដុល្លារ សម្រាប់គម្រោងថាមពលស្អាតនៅក្នុងតំបន់មេគង្គ ក្នុងអំឡុងពេលថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោកស្រី ទៅកាន់ប្រទេសថៃកាលពីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា បន្ទាប់ពីកិច្ចប្រជុំកំពូលក្នុងតំបន់។

លោកស្រីបានថ្លែងដូចនេះ ទៅកាន់សង្គមស៊ីវិល និងក្រុមថ្នាក់ដឹកនាំធុរកិច្ចនៅទីក្រុងបាងកក បន្ទាប់ពីបិទកិច្ចប្រជុំនៃប្លុកAPEC ដែលមានសមាជិ កចំនួន២១ប្រទេស។

លោកស្រីបានបន្តថា សកម្មភាពអាកាសធាតុយ៉ាងម៉ឺងម៉ាត់នេះ មិនត្រឹមតែចាំបាច់ ដើម្បីការពារប្រជាជននៃភពផែនដី និងធនធានធម្មជាតិរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តាជំរុញដ៏មានឥទ្ធិពល នៃកំណើនសេដ្ឋកិច្ចផងដែរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមុននេះ លោកស្រីបានមានប្រសាសន៍ថា រដ្ឋបាលលោកចូ បៃដិន នឹងស្នើសុំមូលនិធិពីសភាអាមេរិក សម្រាប់ភាពជាដៃគូថាមពលជប៉ុន -អាមេរិក-មេគង្គ (JUMPP) ដែលតាមរយៈនោះប្រទេសទាំងពីរធ្វើជាដៃគូជាមួយប្រទេសក្នុងតំបន់ ដើម្បីលើកកម្ពស់វិស័យថាមពលប្រកបដោយនិរន្តរភាព។

លោកស្រីបានបន្ថែមថា “យើងដឹងហើយថា វិបត្តិអាកាសធាតុបង្ហាញការគំរាមកំហែងយ៉ាងពិតប្រាកដ ដល់សហគមន៍ដែលពឹងផ្អែកលើទន្លេមេគង្គនៅក្នុងប្រទេសថៃ វៀតណាម និងប្រទេសឡាវ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here