គម្រោងច្រកទ្វារអន្តរជាតិស្ទឹងបត់និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥កំពុងប្រឈមនឹងការពន្យាពេលក្នុងការសាងសង់

0

ដោយ៖ សុផារី

 

ភ្នំពេញ៖ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ ដែលជាគម្រោងសាងសង់ដ៏សំខាន់តភ្ជាប់រវាងប្រទេសកម្ពុជា និងប្រទេសថៃ កំពុងតែប្រឈមនឹងការពន្យារពេលក្នុងការសាងសង់។

នៅក្នុងកិច្ចប្រជុំគណៈកម្មការវិវេចនាលទ្ធកម្ម (PRC) ដើម្បីពិភាក្សាលើការពន្យារពេលសាងសង់ ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកជាប្រធានគណៈកម្មការវិវេចនាលទ្ធកម្ម (PRC) បានអញ្ជើញដឹកនាំគណៈកម្មការវិវេចនាលទ្ធកម្ម (PRC) ស្តីពីគម្រោងរៀបចំច្រកទ្វាអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីជំនាញផងដែរ។

ការពន្យារពេលសាងសង់នេះ ក៏មានបម្រែបម្រួលការងារក្នុងកិច្ចសន្យា ការពន្យាពេលកិច្ចសន្យា និងការបន្ថែមប្រាក់ឈ្នួលសម្រាប់សេវាត្រួតពិនិត្យបច្ចេកទេសគម្រោង ព្រមទាំងការស្នើសុំពិនិត្យលើបម្រែបម្រួលតម្លៃសម្ភារៈសំណង់ និងអត្រាប្តូរប្រាក់របស់ ក្រុមហ៊ុនសាងសង់ផងដែរ។

យ៉ាងណាក្តី កិច្ចប្រជុំនេះនៅមិនទាន់បានបញ្ជាក់ពីហេតុផលនៃការពន្យារពេលនៃគម្រោងនេះនៅឡើយទេ។

គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ គិតរហូតមកទល់ពេលនេះ សម្រេចវឌ្ឍនភាពការងារបាន៧២%ហើយ។ ក្នុងនោះ រួមមាន អគារច្រកទ្វារអន្តរជាតិ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥  អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និងទីលានកុងតឺន័រផងដែរ។

ច្រកទ្វារនេះនឹងជួយសម្រួលពាណិជ្ជកម្មបន្ថែមនៅច្រកអន្តរជាតិនេះ និងជួយសម្រួលដល់ការដឹកទំនិញធំៗដែលត្រូវបញ្ចៀសចេញពីច្រកចេញចូលតាមស្ពានប៉ោយប៉ែតសព្វថ្ងៃដែលមានលក្ខណៈតូចចង្អៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here