រដ្ឋាភិបាលកំពុងដោះស្រាយផលប៉ះពាល់ផ្នែកខាងចុងផ្លូវក្រវាត់ក្រុងទី៣ ដើម្បីសាងសង់បានតាមរង្វង់ជុំ

0

ដោយៈ សុផារី

ភ្នំពេញៈ ក្រវាត់ក្រុងទី៣ជាផ្លូវយុទ្ធសាស្រ្ដដ៏សំខាន់មួយ សម្រួលការដឹកទំនិញ និងតភ្ជាប់ទៅកាន់ផ្លូវជាតិសំខាន់ៗជាច្រើនខ្សែ ដែលជាផ្នែកមួយ​នៃការលើកកំពស់សេដ្ឋកិច្ច សង្គម។

បច្ចុប្បន្នកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលកំពុងសាងសង់កំពុងបន្តដំណើរការល្អប្រសើរ ខណៈមកទល់ពេលនេះរដ្ឋាភិបាលកម្ពុជា កំពុងដោះស្រាយផលប៉ះពាល់ផ្នែលខាងចុងផ្លូវ ដើម្បីធ្វើយ៉ាងណាឱ្យសាងសង់បានពេញមួយរង្វង់ជុំពេញលេញ។

លោកគង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ប្រាប់ Property Area Asia តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី២៤ ខែវិច្ឆិកាថា រហូតមកទល់នឹងពេលនេះ ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានវឌ្ឍនភាពការសាងសង់បានចំនួនជាង៦០ភាគរយហើយ ហើយក្រុមការងារកំពុងដោះស្រាយផលប៉ះពាល់ ដែលកើតមាននៅផ្នែកខាងចុងផ្លូវ។

លោកបន្តថា ដោយសារនៅក្នុងរដូវវស្សា មានការលំបាកក្នុងការសាងសង់ផ្លូវ ជាហេតុឱ្យដំណើរការសាងសង់នាពេលកន្លងមក មានការផ្អាកមួយរយៈ ប៉ុន្តែចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមការងារកំពុងតែចាប់ផ្តើមដំណើរការបន្តទៀតហើយ។

លោកគង់ វិមានបានបញ្ជាក់ថា ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ធ្វើឡើងជាដំណាក់ៗ ដោយដំណាក់កាលនីមួយៗ ត្រូវបានអនុវត្តទៅតាមផែនការមេជាក់លាក់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានស្រាប់ និងត្រូវបានដាក់ចេញ។

លោកថា “ការអនុវត្តគម្រោងមានដំណាក់កាលមានជំហានៗ អាស្រ័​យ​លើថវិកាដែលមាន”។

លោកបញ្ជាក់ថា “ចាប់ពីខែ១១នេះតទៅ ក្រុមការងារចាប់ផ្តើមសាងសង់បន្តហើយ។ យើងនៅរង់ចាំយូរនៅត្រង់ចុងទីបន្តិច ព្រោះពាក់ព័ន្ធនឹងការដោះស្រាយផលប៉ះពាល់។ យើងដឹងហើយថា (ការដោះស្រាយផលប៉ះពាល់) នៅក្នុងក្រុង មិនមែនមានភាពងាយស្រួល ដូចនៅជនបទនោះទេ។ ប៉ុន្តែនេះមិនមែនជាបញ្ហានោះទេ ព្រោះគម្រោងដំណើរការទៅមុខហើយ”។

ផ្លូវក្រវាត់ក្រុងខ្សែទី៣ មានប្រវែងសរុប៥៣គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ រហូតដល់ផ្លូវជាតិលេខ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយប្រើប្រាស់ថវិកាលើការសាងសង់ ក្នុងទំហំទឹកប្រាក់ប្រមាណ២៦៨លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here