ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហើបឲ្យដឹងថា ផ្លូវវាងក្រុងមួយខ្សែនៅខាងជើងក្រុងសៀមរាប នឹងសាង់សង់កាត់តំបន់អភិវឌ្ឍរុនតាឯក និងពាក់ស្នែង។
ថ្លែងនៅក្នុងសន្និសីទវឌ្ឍនភាពរយៈពេល៥ ឆ្នាំរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុលកាលពីពេលថ្មីៗនេះបានបង្ហើបពីគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងសៀមរាប នឹងស្ថាបនាឆ្លងកាត់តំបន់អភិវឌ្ឍរុនតាឯក និងពាក់ស្នែង ដែលរដ្ឋាភិបាលទើបរៀបចំជាតំបន់អភិវឌ្ឍសម្រាប់ពលរដ្ឋ ដែលបានផ្លាស់ទីចេញពីតំបន់រមណីយដ្ឋានអង្គរ។
លោកបានបញ្ជាក់ថា ផ្លូវវាងខាងជើងក្រុងសៀមរាប ដែលនឹងស្ថាបនាកាត់តំបន់រុនតាឯក និងពាក់ស្នែង បានសិក្សាចប់សព្វគ្រប់ ដោយប្រើប្រាស់ថវិកាពីធនាគារអភិវឌ្ឍអាស៊ី ADB។
លោក ស៊ុន ចាន់ថុលបានឲ្យដឹងទៀតថា ក្រៅពីផ្លូវវាងខាងជើង រដ្ឋាភិបាល ក៏បានគិតគូរសាងសង់ផ្លូវវាងក្រុងសៀមរាប មួយខ្សែទៀតនៅខាងត្បូងតភ្ជាប់ពីផ្លូវជាតិលេខ៦៤ ទៅកាន់ស្រុកពួក ដោយប្រើប្រាស់ថវិកាកម្ចីមកពី ACDF របស់កូរ៉េ។
លោករដ្ឋមន្រ្តីបានបង្ហាញពីមោទនភាព ក្រោយគម្រោងហេដ្ឋារចនាសម្ព័ន្ធនានាជាពិសេសផ្លូវ៣៨ ខ្សែបានបញ្ចប់សម្ពោធដាក់ដំណើរការដែលបានផ្លាស់ប្តូរមុខមាត់ខេត្តសៀមរាប មានផ្លូវស្អាតសម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងបរទេសឃើញពីភាពទាក់ទាញ និងប្លែកភ្នែកនៃទីក្រុងទេសចរណ៍ដ៏សំខាន់មួយនេះ៕