ដោយ៖ សហការី
ភ្នំពេញ៖ វិស័យសំណង់ នៅក្នុងប្រទេសកម្ពុជា រំពឹងថានឹងងើបឡើងវិញក្នុងអត្រា៣ភាគរយ ក្នុងឆ្នាំ២០២២ ដោយសារកំណើនការផ្តល់ឥណទាន លើវិស័យសំណង់បានបន្តកើនឡើង។ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ ឥណទានក្នុងវិស័យសំណង់មានទឹកប្រាក់ជាង៤៦០០លានដុល្លារ។
គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បានផ្ដល់ឥណទានដល់វិស័យសំណង់មានជាង៤៦០០លានដុល្លារ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ។ ក្នុងនោះ ឥណទានដែលត្រូវបានផ្ដល់ដោយធនាគារមានជាង ៤២០០លានដុល្លារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួនជាង ៤០០លានដុល្លារ។
នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។
យោងតាមរបាយការណ៍បានបញ្ជាក់ឱ្យដឹងថា “ត្រីមាសទី៣ ឆ្នាំ២០២២នេះ គ្រឹះស្ថានឥណទានផ្ដល់ដោយធនាគារពាណិជ្ជមានចំនួន១៧.៥៤៣,៨៦ពាន់លានរៀល (ប្រហែលជាង៤២០០លានដុល្លារ) កើនឡើង១៩,១ភាគរយ នេះបើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ មានចំនួន១៤.៧៣៣,៤៤ពាន់លានរៀល (ប្រហែលជាង៣.៥០០លានដុល្លារ)។
ចំណែក ឥណទានដែលផ្ដល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដល់វិស័យសំណង់វិញ មានទឹកប្រាក់ចំនួន ១.៧០៦,២៣ពាន់លានរៀល (ប្រហែលជាង៤០០លានដុល្លារ) កើនឡើង៣៥,១ភាគរយ នេះបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានចំនួន១២៦២,៧២ពាន់លានរៀល (ប្រហែល៣០០លានដុល្លារ)។
ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា “វិស័យសំណង់រំពឹងថានឹងងើបឡើងវិញ ក្នុងអត្រា៣ភាគរយ ក្នុងឆ្នាំ២០២២ ដោយសារកំណើនការផ្តល់ឥណទាន លើវិស័យសំណង់បានបន្តកើនឡើង”។
នៅត្រីមាសទី៣ ឆ្នាំ២០២២ ការអនុម័តលើសំណើគម្រោងសាងសង់ សរុបមានចំនួន១.១៧៥គម្រោង កើនឡើង១៤៧គម្រោងស្មើនឹង១៤,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ក្នុងនោះ ការកើនឡើង នៃគម្រោងប្រភេទសំណង់លំនៅឋាន ភូមិគ្រឹះ សំណង់ឧស្សាហកម្ម សំណង់សាធារណៈ (ថវិកាពីវិស័យឯកជន) និងសំណង់ផ្សេងៗ លើកលែងតែប្រភេទសំណង់ពាណិជ្ជកម្ម និងទេសចរណ៍៕