ដោយៈ សុផារី
ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួននៃអ្នកវិនិយោគិនអចលនទ្រព្យ ក្នុងស្រុកមានការកើនឡើងខ្លាំង ស្របពេលអ្នកវិនិយោគិនបរទេសហូរចូលមកពីគ្រប់ទិសទី។
ភាពទាក់ទាញនេះ ក៏ព្រោះអ្នកវិនិយោគទាំងនោះសម្លឹងមើលឃើញថា ទីផ្សារកម្ពុជាជាទីផ្សារ ដែលផ្តល់នូវផលចំណេញត្រលប់ទៅវិញច្រើន បើប្រៀបធៀបនឹងប្រទេសផ្សេងៗ។
លោកស្រី Catherine Chan ស្ថាបនិក និងជានាយកប្រតិបត្តិនៃគម្រោងខុនដូ Urban Village បានមានប្រសាសន៍កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញថា ប្រទេសកម្ពុជាជាប្រទេស ដែលផ្តល់ផលចំណេញត្រលប់ ពីការវិនិយោគលើអចលនទ្រព្យលំដាប់ទី១ នៅក្នុងបណ្តាប្រទេសនៃទ្វីបអាស៊ី និងទទួលបានចំណាត់ថ្នាក់លេខ៤ នៅក្នុងពិភពលោក។
លោកស្រីបានមានប្រសាសន៍ថា “អចលនទ្រព្យនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ី និងលេខ៤ នៅលើពិភពលោក សម្រាប់ការទទួលបានផលចំណេញខ្ពស់ ត្រឡប់មកវិញពីការវិនិយោគ” ។ អ្នកស្រីបន្តថា “ផលចំណេញពីការជួលជាប់អត្រាពី៦ ទី៨ភាគរយក្នុងមួយឆ្នាំ ហើយមានកំណើនប្រចាំឆ្នាំប្រមាណ១៤ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់ Huran HNWI ២០១៨”។
ក្នុងនាមជាអ្នកវិនិយោគបរទេសមួយរូប លោកស្រីលើកឡើងពីមូលហេតុចម្បង ដែលលោកស្រីសម្រេចចិត្តជ្រើសរើសភាគខាងត្បូង នៃក្រុងភ្នំពេញ ជាទីតាំងវិនិយោគមួយដោយបញ្ជាក់ថា “ដើម្បីទទួលបានផលចំណេញត្រឡប់មកវិញច្រើន ទីតាំងវិនិយោគ គឺជាចំណុចសំខាន់ នៃការជ្រើសរើសការអភិវឌ្ឍន៍។
អ្នកស្រីបន្តថា “មូលហេតុដែលខ្ញុំសម្រេចចិត្តអភិវឌ្ឍ នៅក្នុងតំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញ ដោយសារមានគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំរបស់រដ្ឋាភិបាល និងឯកជន ដូចជា អាកាសយានដ្ឋានអន្តរជាតិថ្មី និងផ្សារទំនើប Aeon ៣ ដ៏ធំបំផុតក្នុងប្រទេស”។
ជាមួយគ្នានេះ អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា បើនិយាយពីផលចំណេញពីការវិនិយោគ ឬReturn on investment នៅក្នុងទីផ្សារ អចលនទ្រព្យ គេផ្តោតលើផលចំណេញ ពីការឡើងថ្លៃអចលនទ្រព្យ និងផលចំណេញពីការជួល ដូចជាការវិនិយោគផ្ទះជួល ឬធ្វើឃ្លាំងជួលជាដើម។
អ្នកស្រីបន្តថា “ប្រទេសកម្ពុជា នៅតែមានភាពទាក់ទាញការវិនិយោគ ដោយសារផលចំណេញពីការវិនិយោគប្រចាំឆ្នាំ នៅតែមានកម្រិតខ្ពស់ធៀបជាមួយបណ្តាប្រទេសដទៃក្នុងតំបន់នេះ”៕