អចលនទ្រព្យប្រណីតទទួលការចាប់អារម្មណ៍ខ្ពស់ក្នុងឆ្នាំ២០២២

0

ដោយៈ សុផារី

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្គត់ផ្គង់ទីផ្សារលំនៅឋានប្រណីត មានការកើនឡើងច្រើនគួរឱ្យចាប់អារម្មណ៍ ដោយអ្នកជំនាញបានលើកឡើងថា នេះបានបង្ហាញពីកំណើន នៃតម្រូវការទីផ្សារអច​លនទ្រព្យប្រភេទនេះ។

នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh លោក Tom O’Sullivan បានមានប្រសាសន៍ឱ្យដឹងកាលពីចុងសប្តាហ៍មុនថា យោងតាមទិន្នន័យ ដែលប្រមូលបានពីវេបសាយ ស្វែងរកអចលនទ្រព្យតាមរយៈប្រព័ន្ធអនឡាញ នៅក្នុងឆ្នាំ២០២២នេះ ភាគច្រើនគឺជាអ្នកដែលមានទ្រព្យសម្បត្តិច្រើន ហើយស្វែងរកប្រភេទអចលនទ្រព្យមានតម្លៃខ្ពស់។

លោកបានឱ្យដឹងថា “អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ការស្វែងរកអចលនទ្រព្យ ដែលមានតម្លៃលើសពី៤,៥លានដុល្លារអាមេរិក បានកើនឡើងរហូតដល់ទៅ៥០ភាគរយ នៅក្នុងឆ្នាំ២០២២នេះ”។

ក្នុងនោះ ប្រតិបត្តិការទិញលក់លំនៅឋានបុរី ដែលមានតម្លៃខ្ពស់បំផុត មានតម្លៃខ្ពស់ដល់ទៅជាង៧លានដុល្លារអាមេរិក។

លោកTom O’Sullivan បានលើកឡើងថា នេះបានបង្ហាញពីកំណើ​ន ដែលស្របទៅនឹងតម្រូវការនៅក្នុងទីផ្សារអចលនទ្រព្យ នាពេលបច្ចុប្បន្ន​។ អ្នកអភិវឌ្ឍន៍បុរី បានចាប់ផ្តើមសាងសង់បន្ថែមផ្ទះវីឡា តម្លៃរាប់លានដុល្លារ ទៅក្នុងគម្រោងលំនៅឋានរបស់ខ្លួន ហើយអ្នកអភិវឌ្ឍន៍មួយចំនួនតូច បានរចនាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យប្រណិត ដោយមានគម្រោងលំនៅឋានខ្លះ មានតម្លៃខ្ពស់ដល់ទៅ៤,៥លានដុល្លារអាមេរិក ឬច្រើនជាងនេះទៀតផង។

លោក Tom លើកឡើងថា អ្នកអភិវឌ្ឍន៍ទាំងនោះយល់ឃើញថា ទីផ្សារប្រណីត បានផ្តល់ប្រាក់ចំណេញច្រើនជាង និងមានភាពរីកចម្រើននៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ហើយទាំងអ្នកអភិវឌ្ឍន៍ និងអ្នកទីផ្សារនឹងងាកមកផ្តោតលើ ទីផ្សារលំនៅឋានប្រណីតនេះច្រើនជាង ប្រភេទលំនៅ    ដ្ឋានធម្មតា។

លោកបន្តថា ទោះបីជាមានការកើនឡើង នៃតម្រូវការសម្រាប់អចលនទ្រព្យប្រណិត នៅក្នុងប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែការផ្គត់ផ្គង់នៅលើទីផ្សារមានកម្រិត។ ស្របពេលជាមួយគ្នានេះ អ្នកអភិវឌ្ឍន៍កំពុងស្វែងរកការផ្លាស់ប្តូរគម្រោងរបស់ខ្លួន មកអភិវឌ្ឍន៍គម្រោងទីផ្សារប្រណីត។

លោកបានបន្តថា វីឡាទោលដ៏ប្រណិតនៅក្នុងខណ្ឌទួលគោក ជាទូទៅមានតម្លៃចន្លោះពី៥ ទៅ៨លានដុល្លារអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ អចលនទ្រព្យទាំងនេះ មិនសូវជាមានដាក់លក់នៅលើទីផ្សារនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here