ដោយៈ សុខុម
ក្រុងគៀវ: ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធដ៏មហាសាល ក្នុងប្រទេសអ៊ុយក្រែន ត្រូវបានបំផ្លិចបំផ្លាញកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពីរុស្ស៊ីក្រោមការដឹកនាំរបស់បុរសខ្លាំង វ៉្លាឌីមៀ ពូទីន បានបញ្ឆេះភ្លើងសង្គ្រាម ចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២។
ដូចនេះ មានការចោទជាសំណួរថា តើនៅពេលភ្លើងសង្គ្រាមនេះរលត់ ប្រទេសអ៊ុយក្រែន នឹងត្រូវការប្រាក់ច្រើនប៉ុនណា ដើម្បីស្ដារហេដ្ឋារចនាស ម្ព័ន្ធ និងសងថ្លៃខូចខាតនានា?។
យោងតាមគេហទំព័ររបស់ធនាគារពិភពលោក ឬWorld Bank ដែលបានចុះផ្សាយកាលពីខែកញ្ញា កន្លងទៅបង្ហាញថា ប្រទេសអ៊ុយក្រែន នឹងត្រូវការថវិការហូតដល់ ប្រមាណ៣៤៩ពាន់លានដុល្លារអាមេរិក សម្រាប់ស្ដារ និងកសាងប្រទេសឡើងវិញ ក្រោយភ្លើងសង្គ្រាមរលត់។
ទន្ទឹមនឹងនេះ ទាំងអស់គ្នាក៏ប្រាកដជាចង់ដឹងដែរហើយថា តើភ្លើងសង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន បានបង្កឱ្យសេដ្ឋកិច្ចទូទាំងពិភពលោក ទទួលរងការខាតបង់ច្រើនប៉ុនណា ហើយមកទល់នឹងពេលបច្ចុប្បន្ននេះ។
សារព័ត៌មាន The Wall Street Journal បានចុះផ្សាយកាលពីខែកញ្ញា ដដែលថា សង្គ្រាមអ៊ុយក្រែន នឹងធ្វើឱ្យសេដ្ឋកិច្ចទូទាំងពិភពលោកទទួលរងការខាតបង់ ទឹកប្រាក់រហូតដល់ទៅ២,៨ទ្រីលានដុល្លារអាមេរិក នៅត្រឹមដំណាច់ឆ្នាំ២០២៣ និងកើនឡើងច្រើនជាងនេះ ប្រសិនបើរដូវរងាខ្លាំងធ្វើឱ្យវិបត្តិថាមពលនៅអឺរ៉ុបកាន់តែធ្ងន់ធ្ងរ។
នេះបើយោងតាមការលើកឡើងរបស់អង្គការ ដើម្បីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (Organization for Economic Cooperation and Development)៕ The Wall Street Journal៕