ដោយៈ សុផារី
ភ្នំពេញៈ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ចាប់ផ្តើមមានភាពរីកចម្រើនកាន់តែច្រើន ដោយសារតែតម្រូវការនៃការប្រឹក្សាយោបល់ និងការផ្តល់សេវាកម្ម ក្នុងទីផ្សារអចលនទ្រព្យមានការកើនឡើងជាបន្តបន្ទាប់ ស្របពេលចរន្តនៃការទិញលក់ជួលអចលនទ្រព្យ ក៏បន្តមានសកម្មភាពជាហូរហែរ។
លោក ណែម អ៊ុនតាក់ ទីប្រឹក្សាអចលនទ្រព្យជាន់ខ្ពស់នៅក្នុងប្រទេសកម្ពុជា បានលើកឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកាម្សិលមិញថា កំណើនតម្រូវការ ក្នុងការស្វែងរកសេវាកម្មប្រឹក្សាយោបល់ ប្រកបដោយគុណភាពពីសំណាក់អ្នកវិនិយោគិនមានការកើនឡើង។
លោកបន្តថា ជាពិសេស នៅមុនពេលបោះទុន លើការវិនិយោគណាមួយ វិនិយោគិនតែងតែត្រូវការការប្រឹក្សា ព្រោះថាវាជារឿងសំខាន់ ក្នុងការដឹងពីតម្លៃទីផ្សារ មុននឹងឃើញអចលនទ្រព្យជាក់ស្តែង ហើយពួកគាត់ក៏ស្វែងរកដំបូន្មានលើដំណើរការផ្នែកច្បាប់ ដែលជាផ្នែកមួយដែលមានសារៈសំខាន់ផងដែរ។
អ្នកជំនាញផ្នែកប្រឹក្សាយោបល់រូបនេះបានពន្យល់ថា “សម្រាប់អ្នកដែលមានដើមទុនខ្លះ ប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមពីណា វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការស្រាវជ្រាវព័ត៌មានជាមុនសិន បន្ទាប់មកវិនិយោគិនអាចស្វែងរកជម្រើស អចលនទ្រព្យទីពីរជាមុនសិន ជាមួយភ្នាក់ងារអចលនទ្រព្យ ឬអ្នកជំនាញ ដែលសំខាន់បំផុតគឺត្រូវដឹងតម្លៃនៃទ្រព្យនោះ មុននឹងឃើញអចលនទ្រព្យផ្ទាល់”។
ជាមួយគ្នានេះ អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់ CBRE Cambodia បានមានប្រសាសន៍ថា ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យទទួលបានការងារច្រើន នៅក្នុងមួយរយៈពេលចុងក្រោយនេះ ដោយសារតែកំណើននៃការប្រកួតប្រជែងខ្ពស់ ដែលជំរុញឱ្យអ្នកអភិវឌ្ឍន៍ងាកមកប្រើប្រាស់សេវាកម្មភ្នាក់ងារអចលនទ្រព្យ ជាជាងការប្រើប្រាស់ភ្នាក់ងារលក់ក្នុងក្រុមហ៊ុនផ្ទាល់តែមួយមុខ។
អ្នកមនាងបន្តថា “ការប្រើប្រាស់សេវាកម្ម ភ្នាក់ងារអចលនទ្រព្យខាងក្រៅនេះ ក្នុងគោលបំណងដើម្បីជំរុញការលក់ អចលនទ្រព្យបន្ថែមទៀត ស្របពេលដែលទីផ្សារអចលនទ្រព្យ ជាពិសេសទីផ្សារលំនៅឋាន កំពុងប្រឈមនឹងការប្រកួតប្រជែងខ្ពស់ នៅក្នុងឆ្នាំ២០២២នេះ មិនថាពីសំណាក់អ្នកអភិវឌ្ឍន៍នៅក្នុងស្រុក និងក្រៅស្រុក”៕