ដោយ: លាងហួរ
អាស៊ី: គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកានេះ ផ្សារហ៊ុនអាស៊ីបានហក់ឡើងខ្ពស់ជាងមុន ស្របពេលដែលទីក្រុងប៉េកាំងបានចាត់ចំណាត់ការថ្មី ក្នុងការគាំទ្រដល់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ដែលកំពុងប្រឈមនឹងវិបត្តិ។
យោងតាមការចុះផ្សាយនៃសារព័ត៌មានរ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកានេះ បានឱ្យដឹងថា ផ្សារហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យចិនបានហក់ឡើង បន្ទាប់ពីនិយតករមូលបត្ររបស់ប្រទេសនេះបានលុបចោលការហាមឃាត់ លើការផ្តល់ហិរញ្ញប្បទានភាគហ៊ុនឡើងវិញ សម្រាប់ក្រុមហ៊ុនអចលនទ្រព្យ ដែលបានចុះបញ្ជីហើយ។
ជាមួយគ្នានេះ ផ្សារហ៊ុន Blue chips របស់ប្រទេសចិនបានហក់ឡើងថ្លៃ១,១ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ MSCI នៅខាងក្រៅប្រទេសជប៉ុន បានហក់ឡើងបន្ថែម០,៧ភាគរយ។ ចំណែក ផ្សារភាគហ៊ុន Nikkei របស់ជប៉ុនបានធ្លាក់ចុះ០,៤ភាគរយ ខណៈផ្សារហ៊ុនកូរ៉េខាងត្បូងហក់ឡើង០,៣ភាគរយ។
ស្របពេលដូចគ្នា ផ្សារហ៊ុន S&P 500 futures និងNasdaq futures បានហក់ឡើង០,១ភាគរយ ខណៈផ្សារហ៊ុន EUROSTOXX 50 fututes បានធ្លាក់ចុះ០,២ភាគរយ ចំណែកឯផ្សារហ៊ុន FTSE futuresបាន ធ្លាក់ចុះ០,១ភាគរយ។
ទោះជាយ៉ាងណាក្តី ទីផ្សារភាគហ៊ុននៅតែមានជ្រួលច្រាល ខណៈការរឹតបន្តឹងជំងឺរាតត្បាតក្នុងប្រទេសចិននឹងនាំឱ្យមានភាពចលាចល ជាសាធារណៈកាន់តែច្រើន និងធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចបន្ថែមទៀត៕