ខេត្តកែបបង្ហាញផលិតផលទេសចរណ៍ថ្មីមួយជាមួយនឹងប៉មមើលទេសភាពដ៏ស្រស់ត្រកាល

0

ដោយៈ គង់ សូរិយា

       កែបៈ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តកែបបានដាក់ឲ្យដំណើរការផលិតផលទេសចរណ៍ថ្មីមួយ ដែលជាប៉មកំពស់១២ម៉ែត្រសំរាប់គយគន់ទេសភាពសមុទ្រ និងបណ្តាកោះនានាយ៉ាងស្រស់ត្រកាល។

ពិធីសម្ភោធនេះបានធ្វើឡើង នៅព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ក្រោមវត្តមានលោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និងលោកមបណ្ឌិត​ សោម​ ពិសិដ្ឋ​អភិបាលនៃគណអភិបាលខេត្តកែប​។

លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី២៩ វិច្ឆិកានេះថា ប៉ម​មើល​ទេសភាព នេះ​ថា​ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់ខេត្តកែប​ ដើម្បីទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​កម្សាន្ត​នៅ​ខេត្ត​ដ៏​ស្រស់ស្អាត​តូច​ច្រឡឹង​មួយ​នេះ​។​

លោកបន្តថា “ប៉ម​មើល​ទេសភាព​នេះ ​គឺជា​មធ្យោបាយ​កម្សាន្ត​មួយ​បន្ថែមទៀត​សម្រាប់​ភ្ញៀវទេសចរ ​ដែល​មក​ទស្ស​នា​ឧទ្យាន​ជាតិ​កែប បន្ថែម​ពីលើ​សម្រស់​ធម្មជាតិ សត្វព្រៃ និង​ផ្លូវ​ក្រវាត់​ភ្នំ​ដែល​អាច​ដើរ​កម្សាន្ត និង​ហាត់ប្រាណ​របស់​មនុស្ស​ទូទៅ​ និងបន្ថែម​លើ​មុខម្ហូប​ជាពិសេស​គ្រឿង​សមុទ្រ​ដ៏​មានឱជារស​ឆ្ងាញ់​”។

លោកសោម ពិសិដ្ឋបានបន្តថា ប៉មមើលទេសភាពនេះ ជាទីតាំងសមុទ្រឈើ ស្ថិតនៅក្នុងឧទ្យានជាតិកែប ដែលមានកំពស់១២ម៉ែត្រ ប៉ុន្តែបើគិតពីនីវ៉ូទឹកសមុទ្រមក គឺមានកំពស់រហូតដល់ជិត១៧០ម៉ែត្រ ដែលអាចមើលឃើញក្រុងកំពត បណ្តាកោះនានា និងទេសភាពដ៏ស្រស់ត្រកាលក្នុងក្រុងកែបទាំងមូលផងដែរ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here