ដោយៈ គង់ សូរិយា
ខេត្តកែបៈ ការវិនិយោគដីលំហែរកាយស្តង់ដាអន្តរជាតិ ដែលបានបោះទុន៧លានដុល្លារអាមេរិក កំពុងក្លាយជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលទៅទស្សនាខេត្តកែប។
ភ្ញៀវទេសចរណ៍អាចអុំទូកកាយ៉ាក់ តាមដងព្រែកជាប់ដៃសមុទ្រ អាចដើរលើស្ពានជាប់ឆ្នេរដ៏ត្រកាល អាចគយគន់ទេសភាពថ្ងៃរះ និងថ្ងៃលិចយ៉ាងរ៉ូមែនទិក អាំងសាច់ ស្ទូចត្រីកំសាន្តនៅក្នុងគំរោង “ឆ្នេរសមុទ្រកោងកាង ដែលជាគំរោងមួយកំពុងមានការអភិវឌ្ឍយ៉ាងលឿន ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តកែបជាតំបន់លំហែរកាយកម្រិតខ្ពស់។
លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម នាព្រឹកថ្ងៃទី២៩ វិច្ឆិកានេះថា ដោយសារគោលដៅរបស់យើង គឺចូលរួមចំណែកអភិវឌ្ឍន៍ខេត្តកែបផង ធ្វើឲ្យគំរោងយើងជាគំរោង មានការអភិវឌ្ឍប្រកបដោយចីរភាព និងធ្វើ ឲ្យអ្នកទិញដីលំហែរ ទទួលបានទីតាំងលំហែរពិតប្រាកដផង ក្រុមហ៊ុនកំពុងរៀបចំប្រែក្លាយវិនិយោគគំរោង “ឆ្នេរសមុទ្រកោងកាង” ជាសហគមន៍ទេសចរណ៍គំរូមួយ និងមានភាពស្ងប់ស្ងាត់ស្របតាមផែនការរបស់រដ្ឋាភិបាល។
លោកបន្តថា “ដើម្បីសម្រេចគោលដៅនេះ ក្រុមហ៊ុនបានបោះទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ អស់ជិត១លានដុល្លារអាមេរិករួចហើយ ក្នុងការសាងសង់ផ្លូវបេតុង សាងសង់ស្ពានដើរជាប់មាត់ សមុទ្រប្រវែង១គីឡូម៉ែត្រ និងរៀបចំហេដ្ឋារចនាសម្ព័្នឋជាច្រើនក្នុងគំរោងនេះ”។ លោកបន្តថា “ក្រៅពីហេដ្ឋារចនាសម្ព័ន្ឋដ៏ទាក់ទាញ ពត់ពែនតាមដងព្រែកធម្មជាតិ និងការកែច្នៃបន្ថែម ក្រុមហ៊ុនបាននិងកំពុងដាំដូងជាជួរៗ ដើម្បីលំអរគំរោងនេះផងដែរ”។
គំរោងនេះបាន និងកំពុងទទួលការគាំទ្រពីលោកសោម ពិសិដ្ឋអភិបាលនៃគណៈអភិបាលខេត្តកែបផងដែរ ដែលលោកលើកទឹកចិត្តចំពោះគំរោងអភិវឌ្ឍន៍នេះ ដើម្បីចូលរួមចំណែកអភិវឌ្ឈន៍ខេត្ត ក៏ដូចជាផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគដទៃទៀត មកកាន់ខេត្តកែបកាន់តែច្រើន។
លោកCooler Tanបានបន្តថា ក្រុមហ៊ុនបាននិងកំពុងគិត និងធ្វើយ៉ាងណា ដើម្បីជួយអភិវឌ្ឈន៍ខេត្តកែបបន្ថែមទៀត ប៉ុន្តែអ្វីៗអាស្រ័យលើការគាំទ្ររបស់អតិថិជនលើគំរោងនេះផងដែរ ព្រោះការអភិវឌ្ឍន៍គម្រោងគំរូមួយ ប្រកបដោយការទទួលខុសត្រូវផ្នែកសង្គមមួយ គឺទាមទារឲ្យយើងមានឆន្ទៈពិតប្រាកដ និងចំណាយទុនច្រើន ដើម្បីអតិថិជនសម្រេចបានតាមក្តីសុបិនរបស់ពួកគាត់ចង់បាន៕