លោកJack Maកំពុងស្នាក់នៅក្នុងប្រទេសជប៉ុនក្រោយ​ពីប្រទេសចិន ​ធ្វើការ​បង្ក្រាប​លើ​វិស័យ​បច្ចេកវិទ្យា​

0

ដោយ: លាងហួរ

តូក្យូ:ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានរស់នៅក្នុងទីក្រុងតូក្យូអស់រយៈពេលជិត៦ខែ បន្ទាប់ពីលោកបានបាត់ខ្លួនពីទិដ្ឋភាពសាធារណៈ ក្រោយការបង្រ្កាបរបស់ប្រទេសចិនលើវិស័យបច្ចេកវិទ្យា។ នេះបើយោងតាមសារព័ត៌មាន Financial Times បានរាយការណ៍ឱ្យដឹងនោថ្ងៃពុធនេះ ដោយដកស្រង់ប្រភពជាច្រើនដែលមិនបញ្ចេញឈ្មោះ។

មហាសេដ្ឋី​រូបនេះ ​មិនសូវ​បានបញ្ចេញមុខមាត់ ​ចាប់តាំងពី​មានការបង្ក្រាប ដោយក្រុម​និយ័ត​ករ​ចិន​លុបចោល​ការលក់​ភាគហ៊ុន ឲ្យ​សាធារណជន​(IPO)​របស់​ក្រុមហ៊ុន​Ant Group​ និង​ចេញ​ការ​ផាកពិន័យ​ប្រាក់​ច្រើន​បំផុត​លើ​ក្រុមហ៊ុន​Alibaba​។​

កាសែត Financial Times បានរាយការណ៍ថាលោក Jack Ma បានចំណាយពេលជាច្រើន ក្នុងរយៈពេល៦ខែចុងក្រោយនេះ ជាមួយគ្រួសាររបស់លោកនៅក្នុងទីក្រុងតូក្យូ និងផ្នែកផ្សេងទៀតនៃប្រទេសជប៉ុន ហើយលោកក៏បានធ្វើដំណើរទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិក និងប្រទសអ៉ីស្រាអែលផងដែរ។

យោងតាមកាសែត​អង់គ្លេស​ដដែលនេះ​បានឱ្យដឹងថា លោក​Jack Ma ជា​សមាជិក​ឯកជន​របស់​ក្លឹប​មួយចំនួន នៅក្នុងទីក្រុងតូ​ក្យូ និង​បាន​ក្លាយជា​អ្នក​ប្រមូល​ទិញ​វត្ថុ​សិល្បៈ ​ទំនើបរបស់ជប៉ុនថែមទៀតផង ។

ចាប់តាំងពី​បាត់​មុខ​ជា​សាធារណៈ ​នៅ​ក្នុងប្រទេសចិន លោកត្រូវបាន​គេប្រទះឃើញ​នៅ​ជា​ច្រើន​កន្លែង​ រួម​មាន​ នៅ​កោះ​ម៉ាល់ឡ័​រកា​(Mallorca)​របស់ប្រទេសអេ​ស្ប៉ាញ​កាលពី​ឆ្នាំ២០២១។

នៅ​ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្រុមមន្ត្រី​ចិន​បានផ្តោត​លើ​ការរកស៊ី​បែប​ផ្តាច់មុខ ​របស់​ក្រុមហ៊ុន​ធំៗ​ក្នុង​ប្រទេស​ចិន ដែលជំរុញឱ្យមានការព្រួយបារម្ភ​ថា បណ្តាក្រុមហ៊ុន​អ៉ីនធឺ​ណិ​ត​ធំៗ ​គ្រប់​​គ្រង​ទិន្នន័យ​ច្រើន​ពេក ​និង​ពង្រីក​ខ្លួន​លឿន​ពេក​។

កាលពីខែកក្កដាកន្លងទៅ របាយការណ៍មួយបានបង្ហាញថា លោក Jack Ma គ្រោងនឹងប្រគល់ការគ្រប់គ្រងរបស់ក្រុមហ៊ុន Ant Group ដើម្បីធ្វើឱ្យក្រុមនិយតករចិនមានការស្ងប់ចិត្ត។

កាលពីខែសីហា ឆ្នាំ២០២២នេះ ក្រុមហ៊ុនពាណិជ្ជកម្ម​តាម​អេឡិចត្រូនិច Alibabaបានរាយការណ៍ថា កំណើនប្រាក់ចំណូលរបស់ខ្លួន នៅទ្រឹងជាលើកដំបូង ខណៈប្រទេសចិនបានប្រយុទ្ធប្រឆាំង នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច និងករណីឆ្លងជំងឺកូវីដឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here