ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី១ ធ្នូនេះ បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។
ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា នៅឆ្នាំ២០១៩ ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា មានរហូតដល់ទៅ៤០០លានដុល្លារអាមេរិក និងផ្តល់ការងារជូនពលរដ្ឋខ្មែរបានជាង៦ពាន់នាក់។
បច្ចុប្បន្នក្រុមហ៊ុននេះ បានដាក់ទុនវិនិយោគសរុបរហូតដល់១,១២៤ពាន់លានយេន ស្មើនឹងជាង៨ពាន់លានដុល្លារ នៅ៩៥កន្លែងទូទាំងពិភពលោក។
មុននឹងដំណើរការប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការបញ្ចុះបញ្ចូលយ៉ាងខ្លាំង លើថ្នាក់ដឹកនាំក្រុមហ៊ុនមួយនេះ ឱ្យមកវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនកំពុងមានការវិនិយោគ នៅក្នុងប្រទេសថៃរួចទៅហើយនោះ។ មិនត្រឹមតែប្រឹងប្រែងបញ្ចុះបញ្ចូល ឱ្យក្រុមហ៊ុនមួយនេះ ឱ្យមកវិនិយោគនៅកម្ពុជាប៉ុណ្ណោះទេ តែសម្តេចតេជោ បានរក្សាជំហរយ៉ាងរ៉ឺងមាំ ការពារការវិនិយោគរបស់ក្រុមហ៊ុន។
មុនពេលក្រុមហ៊ុនមកវិនិយោគនៅកម្ពុជា មានក្រុមហ៊ុនមួយបានមកបញ្ចុះបញ្ចូល សម្តេចឱ្យលុបចោលការទទួលយក ការវិនិយោគរបស់ក្រុមហ៊ុននេះ។ តែសំណើនោះត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រីច្រានចោល។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍បញ្ជាក់ថា “ក្រុមហ៊ុននេះតូច ចឹងសុំឱ្យយកក្រុមហ៊ុនដែលធំជាង។ តែខ្ញុំបានប្រាប់ថា សម្រាប់កម្ពុជា ត្រីធំក៏ដោយ ត្រីតូចក៏ដោយ ត្រីណាមកដល់មុន គឺចាប់ស្ងោរទាំងអស់ ពីព្រោះឆ្នាំងខ្ញុំវាទទេ”។
សម្តេចតេជោ ហ៊ុន សែន ត្រូវបានចាត់ទុកជាឆ្មបបង្កើតដោយផ្ទាល់ដៃនូវវត្តមាន ក្រុមហ៊ុនដ៏ធំរបស់ជប៉ុនមួយនេះនៅក្នុងប្រទេសកម្ពុជា។
មកដល់ពេលបច្ចុប្បន្នក្រុមហ៊ុនមីនេបៀ បានដំណើរការ និងចម្រើនលូតលាស់យ៉ាងខ្លាំង ក្នុងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ហើយបានផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់ជាតិកម្ពុជា និងផ្តល់ការងារជាច្រើនកន្លែងសម្រាប់ពលរដ្ឋកម្ពុជា ជាមួយប្រាក់ឈ្នួល និងលក្ខខណ្ឌការងារយ៉ាងល្អប្រសើរ។
លោក យ៉ូស៊ីហ៉ីសា កៃនុម៉ា នាយកប្រតិបត្តិក្រុមហ៊ុនមីនេបៀ ធ្លាប់បានបង្ហាញនូវភាពរីករាយជាខ្លាំង ចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុននៅកម្ពុជា និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លា លើដំណើរការវិនិយោគរបស់ក្រុមហ៊ុន៕