CDC អនុម័តគំរោងវិនិយោគទឹកប្រាក់ជិត ២៨៣លានដុល្លារដល់ក្រុមហ៊ុនចំនួន១០

0

ដោយគង់ សូរិយា

ភ្នំពេញ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគំរោងវិនិយោគចំនួ​ន១០ ដែលមានទុនវិនិយោគជិត២៨៣លានដុល្លារអាមេរិក និងផ្តល់ការងារដល់ប្រ​ជា​ពលរដ្ឋរាប់ពាន់នាក់ នៅក្នុងខែធ្នូ ឆ្នាំ២០១៨នេះ។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ CDC ដែល Propertyarea.asia ទទួល​បាននាព្រឹកថ្ងៃទី២៥ ធ្នូនេះបានឲ្យដឹងថា នៅក្នុងខែធ្នូនេះគណកម្មការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះវិញ្ញាបនបត្រអនុញ្ញាត្តឲ្យក្រុមហ៊ុន​ចំនួន១០ ដើម្បីធ្វើការវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុនទាំងនោះរូមមាន ទី១ ក្រុមហ៊ុនបង្កើតរោងចក្រផលិតស្រា និងស្រាបៀរ ស្ថិតនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ១៣,១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៦០កន្លែង។

ទី២ ក្រុមហ៊ុនបង្កើតរោងចក្រផលិតទឹកក្រូច ទឹកផ្លែឈើ ទឹកបរិសុទ្ធ និងនំស្រួយ ស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ១៧,៥៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២១កន្លែង។ ទី៣ ក្រុមហ៊ុនដេរអាវសុវត្ថិភាព តង់ និងកាបូបគ្រប់ប្រភេទ ស្ថិតនៅភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦០១កន្លែង។

ទី៤ ក្រុមហ៊ុនផលិត និងផ្គុំដំឡើងអំពូលភ្លើងពណ៌គ្រប់ប្រភេទ ស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌដង្កោ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,៦៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៨កន្លែង។ ទី៥ ក្រុមហ៊ុនសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០KV ពីស្ថានីយវារី អគ្គិសនីស្ទឹងតាតៃ (ខេត្តកោះកុង) មករាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១៣៦,៦៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤កន្លែង។

ទី៦ ក្រុមហ៊ុនបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក “កែវ ដប ចាន ប្រអប់ ថង់ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៩៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៨កន្លែង។ ទី៧ ក្រុមហ៊ុន បង្កើតរោងចក្រផលិតស្បោង ប្លាស្ទិក និងបោះពុម្ព ស្ថិតនៅផ្លូវជាតិលេខ៣ ក្រុម៨ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,២៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៧កន្លែង។

ទី៨ ក្រុមហ៊ុន ធ្វើអាជីវកម្មថ្មអារ (ថ្មម៉ាប) ស្ថិតនៅតំបន់ភ្នំជំរាល ភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៤,៦៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៦កន្លែង។ ទី ៩ក្រុមហ៊ុនបង្កើតរោងចក្រផលិតក្រដាសវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ១១,១១លាន​ដុល្លារ​អាមេរិក និងអាចបង្កើតការងារបានចំនួន ៤០១កន្លែង។និងទី១០ ក្រុមហ៊ុនសាងសង់ និងធ្វើអាជីវកម្មសណ្ឋា​គារថ្នាក់ផ្កាយ៥ ចំនួន៦០០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលេខ៨ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាលមានទុនវិនិយោគប្រមាណ៩៤,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២២១កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here