ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ការិយាល័យឥណទានកម្ពុជាហៅកាត់ CBC នឹងចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ប្រព័ន្ឋឥណទានរបាយការណ៍ព៌តមានឥណទាន ជាលក្ខណៈនិតិបុគ្គលនៅឆ្នាំ២០១៩ខាងមុខនេះ។
ប្រធាននាយកប្រតិបត្តិរបស់ការិយាល័យឥណទានកម្ពុជាលោក អឿ សុធារ័ត្នបានមានប្រសាសន៍ ក្នុងជំនួបជាមួយក្រុមអ្នកសារព៌តមាននាព្រឹកថ្ងៃទី២៧ ធ្នូកន្លងមកថាអស់រយៈពេលជាង៦ឆ្នាំហើយ ដែលស៊ីប៊ីស៊ីបានដំណើរការក្នុងប្រទេសកម្ពុជា ដែលអនុញ្ញាតអោយស្ថាប័នជាសមាជិកទាំង១៥៨ស្ថាប័ន អាចឆែករបាយការណ៍ឥណទានលក្ខណៈបុគ្គល (Credit Report) តាមរយៈប្រព័ន្ធរបស់ស៊ីប៊ីស៊ី។ តាមរយៈប្រព័ន្ធនេះ វាបានជួយរួមចំណែក ដល់ការគ្រប់គ្រងហានិភ័យឥណទាន និងផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់ស្ថាប័នជាសមាជិកក្នុងការសម្រេចចិត្ត ជួយដល់អតិថិជនក្នុងការស្វែងរកឥណទាន និង ជួយដល់សេ្ថរភាពវិស័យហិរញ្ញវត្ថុ និង សេដ្ឋកិច្ចទាំងមូល។
លោកបន្តថា ដោយមើលឃើញអត្ថប្រយោជន៍ និងភាពចាំបាច់នៃប្រព័ន្ធ ទើបនៅឆ្នាំ២០១៨នេះ ការិយាល័យឥណទានកម្ពុជា បានសហការជាមួយស្ថាប័នជាសមាជិកនិងស្ថាប័នដៃគូរពាក់ព័ន្ធនានា ក្នុងការបង្កើតប្រព័ន្ធរាយការណ៍ព័ត៌មានឥណទានលក្ខណៈក្រុមហ៊ុន(និតីបុគ្គល)។ លោកបានបន្តថា ជាលទ្ធផល យើងមានមោទនភាពក្នុងការដាក់អោយប្រើប្រាស់ប្រព័ន្ធ រាយការណ៍ព័ត៌មានឥណទានលក្ខណៈក្រុមហ៊ុន (និតីបុគ្គល) ចាប់ពីខែមករា ឆ្នាំ២០១៩តទៅ ដែលអនុញ្ញាតអោយស្ថាប័នជាសមាជិកអាចធ្វើការឆែករបាយការណ៍ឥណទានរបស់ក្រុមហ៊ុនដែលស្នើសុំឥណទានបាន»។
ជាមួយគ្នានេះលោកស្រី ស៊ីសុវត្ថិ រស្មី នាយិកាអភិវឌ្ឍអាជីវកម្ម បានបង្ហាញពីសេវាដំណោះស្រាយអាជីវកម្មនៃCBC ដែលជួយដល់ស្ថាប័នជាសមាជិក ក្នុងការគ្រប់គ្រងហានិភ័យ និងពង្រីកអាជីវកម្មរបស់ខ្លួន។ ជាពិសេសចាប់ពីឆ្នាំ២០១៩តទៅ ការិយាល័យឥណទានកម្ពុជា នឹងដាក់អោយដំណើរការនូវប្រព័ន្ធរបាយការណ៍ឥណទាន ក្រុមហ៊ុនដែលអនុញ្ញាតអោយស្ថាប័នជាសមាជិក អាចធ្វើការឆែករបាយការណ៍ឥណទានរបស់ក្រុមហ៊ុន ដែលស្នើសុំឥណទានអាជីវកម្ម។
ការិយាល័យឥណទានកម្ពុជា គ្រោងនឹងដាក់អោយដំណើរការជាផ្លូវការនូវ «សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ (Financial Health Check) តាមរយៈការសហការដៃគូរជាមួយ ធនាគារអេស៊ីលីដា ភីអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ ដែលអនុញ្ញាតអោយអតិថជន អាចឆែករបាយការណ៍ឥណទានផ្ទាល់ខ្លួនបាន ចាប់ពីខែមករាឆ្នាំ២០១៩តទៅ នៅតាមសាខាមួយចំនួនរបស់ស្ថាប័នទាំងពីរ។ សេវាកម្មនេះ នឹងពង្រីកបន្ថែមជាមួយស្ថាប័នដៃគូរក្នុងគោលដៅគ្របដណ្តប់ គ្រប់សាខាទូទាំងប្រទេសក្នុងឆ្នាំ២០១៩ ផងដែរ៕