ដោយគង់ សូរិយា
ភ្នំពេញ: ការសិក្សាមួយដែលបានធ្វើឡើងដោយធនាគារជាតិនៃកម្ពុជា(NBC)បានឲ្យដឹងថា កម្ពុជាអាចទទួលបានកំនើនវិនិយោគលើវិស័យកម្មន្តសាល និងកសិកម្ម ដោយសារកម្ពុជាអាចផលិត និងនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងប្រទេសចិន។
ការបង្ហាញនូវសញ្ញាសុទិដ្ឋិនិយមនេះ ត្រូវបានបង្ហាញក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៨ និងទស្សនវិស័យឆ្នាំ២០១៩ដែលបានចេញផ្សាយនៅដើមសប្តាហ៍នេះ។ របាយការណ៍បានអះអាងថា ជាក់ស្តែងការនាំចេញរបស់កម្ពុជាបានកើនឡើងគួរឲ្យកត់សំគាល់ ជាពិសេសផលិតផលកាត់ដេរ ត្រូវបានប៉ាន់ស្មានថាកើនឡើង២៤,៧ភាគរយ ស្របពេលដែលការនាំចេញផលិតផលមួយចំនួន បានកើនឡើងក្នុងអត្រាពីរទៅបីខ្ទង់ ដូចជាការនាំចេញអង្ករកើនឡើង២៣ភាគរយ ទោចក្រយានកើនឡើង១២ភាគរយ និងគ្រឿងបន្លាស់យានយន្តកើនឡើងបីដង។
របាយការណ៍ដដែលនេះបានបន្តឲ្យដឹងទៀតថា ថ្វីបើការនាំចេញផលិតផលកាត់ដេរនៅបន្តមានចំណែកធំ ប្រមាណ២ភាគ៣នៃការនាំចេញសរុបក៏ដោយ ក៏ចំណែកនេះបានថយចុះគួរឲ្យកត់សំគាល់ បើធៀបនឹងប្រមាណ៩៦ភាគរយនៃការនាំចេញកាលពី១០ឆ្នាំមុន។
រដ្ឋាភិបាលកម្ពុជាបានដាក់ចេញ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដើម្បីធ្វើពិពីធកម្មសេដ្ឋកិច្ចកម្ពុជា ក្នុងគោលដៅធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាបន្តមានកំនើនរ៉ឹងមាំ និងធ្វើពិពិធកម្មផលិតផលនានា ដើម្បីនាំចេញទៅកាន់បរទេស។
លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥
២០២៥ ដើម្បីទាក់ទាញការវិនិយោគពីបរទេសបន្ថែមទៀត ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចល្អប្រសើរ និងលក្ខខ័ណ្ឌអាកាសធាតុ និងផ្ទៃដីកម្ពុជា មានភាពអំណោយផលដល់ការវិនិយោគ ក្នុងវិស័យកម្មន្តសាល និងកសិកម្ម ដើម្បីកែច្នៃផលិតផលកសិកម្ម ដើម្បីនាំចេញទៅបរទេស ដែលបច្ចុប្បន្នយើងឃើញក្រុមហ៊ុនជាច្រើនបានចូលមកវិនិយោគក្នុងវិស័យទាំងពីរនេះ។
លោកបន្តថា “ខ្ញុំគិតថានៅបណ្តាឆ្នាំខាងមុខ កម្ពុជានឹងទទួលបានកំណើនវិនិយោគក្នុងវិស័យកសិកម្ម ដោយសារកម្ពុជាមានភាពអំណោយផលជាច្រើន ពិសេសច្បាប់វិនិយោគរបស់កម្ពុជាមានភាពបើកចំហ ដែលអនុញ្ញាត្តឲ្យក្រុមហ៊ុនបរទេសអាចបោះទុន១០០ភាគរយវិនិយោគនៅកម្ពុជា”។លោកបន្តថា “ច្បាប់នេះរួមទាំងកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា បានទាក់ទាញអ្នកវិនិយោគបរទេសយ៉ាងខ្លាំង”។
ទោះជាយ៉ាងណាលោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានថ្លែងឲ្យដឹងនៅថ្ងៃដដែលនេះថា កម្ពុជាមានកំនើនការវិនិយោគក្នុងវិស័យកសិកម្ម មួយៗនៅឡើយ ដោយសារប្រព័ន្ឋហេដ្ឋារចនាសម្ព័ន្ឋរបស់យើងមិនទាន់មានភាពអំណោយផលនៅឡើយ ពិសេសតម្លៃដឹកជញ្ជូន និងថ្លៃទឹក ភ្លើងរបស់កម្ពុជាមានតម្លៃខ្ពស់ធៀបជាមួយបណ្តាប្រទេសក្នុងតំបន់។
លោកបន្តថា “ទោះជាតម្លៃពលកម្មយើងទាប តែបញ្ហាហេដ្ឋារចនាសម្ព័ន្ឋជារឿងមួយដែលត្រូវការពេលវេលាក្នុងការដោះស្រាយ”។
លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានមានប្រសាសន៍ថា សុខភាពសេដ្ឋកិច្ចកម្ពុជានៅតែមានសញ្ញាល្អប្រសើរ តែបញ្ហាប្រឈម
របស់យើងនៅនៅតែមានភាពដដែលៗ ដូចជា តម្លៃដឹកជញ្ជូនខ្ពស់ កង្វះធនធានមនុស្ស ការិយាធិបេតយ្យ ថ្លៃទឹកភ្លើងនៅមានតម្លៃថ្លៃ និងមិនទាន់មានគុណភាពជាដើម។
ទាក់ទងនឹងគោលនយោបាយឧស្សាហកម្ម លោកបណ្ឌិតបានថ្លែងថា សេដ្ឋកិច្ចរបស់យើងប្រៀបដូចជារថយន្តចាស់ ដែលយើងត្រូវធ្វើការជួសជុល ឬបន្ថែមគ្រឿង ដើម្បីឲ្យរថយន្តរបស់យើងរត់បានលឿន និងឆ្ងាយជាងមុន៕