ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ស្របពេលទីផ្សារបុរីកាន់តែមានការរីកចម្រើន អ្នកវិនិយោគបរទេសបានកំពុងចាប់អារម្មណ៍វិនិយោគលើវិស័យលំនៅដ្ឋានបែបបុរី នៅកម្ពុជាកាន់តែច្រើននាពេលខាងមុខនេះ។ នេះបើតាមការអះអាងរបស់លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឈន៍លំនៅដ្ឋានកម្ពុជា។
លោកឧកញ៉ាបានមានប្រសាសន៍ឱ្យដឹងក្នុងពិធីបើកមហាសន្និបាតការងារសមាគម និងត្រូវបានសមាជិកសមាគមបោះឆ្នោតគាំទ្រ ដើម្បីដឹកនាំសមាគមនេះសម្រាប់ អាណត្តិការងារឆ្នាំ២០១៩ – ២០២១ កាលពីថ្ងៃទី១១ មករាកន្លងមកថា មានក្រុមហ៊ុនបរទេសកាន់តែច្រើនចាប់ផ្តើម និងត្រៀមចាប់ផ្តើមវិនិយោគលើបុរីលំនៅដ្ឋាននៅកម្ពុជាផងដែរ នាពេលខាងមុខនេះ។ លោកបន្តថា តាមព័ត៌មានលោកទទួលបានមានក្រុមហ៊ុនជប៉ុន និងចិនកាន់តែច្រើន នឹងចូលមកអភិវឌ្ឍន៍ទីផ្សារលំនៅដ្ឋានបែបបុរីនៅកម្ពុជាកាន់តែច្រើន។
លោកបន្តថា “នៅក្នុងទីផ្សារសេរីយើងមិនអាចហាមឃាត់ពួកគេបានទេ ប៉ុន្តែយើងក្នុងនាមសមាគមនឹងពិនិត្យមើលថាតើពួកគេសាងសង់បែបណា និងមានការគោរពច្បាប់ឬអត់។
បច្ចុប្បន្ននេះមានក្រុមហ៊ុនរបស់ជប៉ុនមួយបាន និងកំពុងវិនិយោគបុរីមហាសែនសុខ និងបុរី ARATA ស្ថិតក្នុងខ័ណ្ឌសែនសុខរាជធានីភ្នំពេញ និងក្រុមហ៊ុន ARAKAWA ក៏បាននិងកំពុងវិនិយោគខុនដូតម្លៃមធ្យមនៅក្នុងខ័ណ្ឌសែនសុខផងដែរ។
ជាមួយគ្នានេះលោក ហ៊ុយ វណ្ណៈទីប្រឹក្សាជាន់ខ្ពស់សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានបានមានប្រសាសន៍ថា សមាគមគួរមានការសិក្សាពីទីផ្សារលំនៅដ្ឋាន ដើម្បីដឹងពីតម្រូវការ និងការផ្គត់ផ្គង់ទីផ្សារលំនៅដ្ឋាននៅកម្ពុជាថាតើមានស្ថានភាពបែបណា ដើម្បីយើងការពារហានិភ័យនៅពេលអនាគត ព្រោះការសិក្សាពីទីផ្សារមានសារៈសំខាន់ណាស់ ដើម្បីក្រុមហ៊ុននីមួយៗអាចរៀបចំផែនការអភិវឌ្ឍន៍បន្ត។
លោកបន្តថា “សមាគមមិនសូវមានជំនាញលើការងារនេះទេ ហេតុនេះគួរតែជួលក្រុមហ៊ុនដែលមានជំនាញដើម្បីសិក្សាពីបញ្ហាទាំងអស់នេះ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ដោយសារទីផ្សារបុរីនៅមានភាពល្អប្រសើរនៅឡើយ និងកម្ពុជាប្រកាន់យកគោលការណ៍ទីផ្សារសេរី ទើបក្រុមហ៊ុនផ្សេងៗបាននិងកំពុងចាប់អារម្មណ៍លើផ្នែកនេះ ដែលនឹងធ្វើឱ្យទីផ្សារកាន់តែមានភាពប្រកួតប្រជែងគ្នាកាន់តែខ្លាំង។
លោកបន្តថា “នៅពេលមានការប្រកួតប្រជែងគ្នាខ្លាំង ជារឿងល្អសំរាប់អតិថិជន ដោយគាត់អាចទទួលបានតម្លៃល្អប្រសើរ និងគុណភាពសំណង់នឹងត្រូវយកចិត្តទុកដាក់កាន់តែខ្លាំងថែមទៀត”៕