ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ រហូតមកទល់ពេលនេះ ប្លង់គោលអភិវឌ្ឍន៍ទីក្រុងបាវិត ខេត្តស្វាយរៀងបានរៀបចំប្លង់គោលអភិវឌ្ឍន៍រួចហើយ ដោយមានការរៀបចំហេដ្ឋារចនាសម្ព័ន្ឋជាច្រើនសមស្របតាមផែនការរបស់រដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ប្រែក្លាយទីក្រុងនេះជាតំបន់ពាណិជ្ជកម្ម និងឧស្សាហកម្ម។
យោងតាមឯកសារផ្លូវការដែលគេហទំព័រ Propertyarea.asia ទើបទទួលបានកាលពីចុងសប្តាហ៍មុនថា ក្រុងបាវិតនឹងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ឋធំៗ ដែលមានទំហំរហូតដល់៣០ម៉ែត្រ មានការរៀបចំតំបន់លំនៅដ្ឋាន ទីលានវាយកូនហ្គោល តំបន់រដ្ឋបាល ពាណិជ្ជកម្ម ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស សួនច្បារសាធារណៈ តំបន់កសិកម្ម តំបន់រៀបចំអាងស្តុកទឹកស្អាតជាដើម។
បច្ចុប្បន្នក្រុងបាវិតមានទីក្រុងរណបចំនួន២ កំពុងសាងសង់យ៉ាងសកម្មគឺទីក្រុងរណប Empire World City ដែលគ្រោងអភិវឌ្ឍន៍លើផ្ទៃដីជាង១១៥០ហិកតា (ដំណាក់កាលដំបូងលើផ្ទៃដី៥៧ហិកតា ) ទីក្រុងរណបហេង ហេង មានទំហំ៧ហិកតា និងតំបន់សេដ្ឋកិច្ចពិសេសចំនួន។
រដ្ឋាភិបាលបានដាក់ក្រុងបាវិតជាតំបន់ឧស្សាហកម្ម ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ខណៈបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសប្រមាណ១០ទីតាំង និងផែស្ងួតជាច្រើនបាននិងកំពុងដំណើរការយ៉ាងសកម្ម។
លោក Eric Loo អគ្គនាយកទីក្រុងរណប Empire World CITY បានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចសម្ភាសន៍ពិសេសមួយកាលពីសប្តាហ៍មុនថា ទីក្រុងបាវិតជាតំបន់មានលក្ខ ណៈពិសេសមួយ និងមានទីតាំងដ៏មានភាពអំណោយផល ដោយសារទីក្រុងនេះនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាល (Central Commercial) រវាងទីក្រុងហូ ជីម៉ិញនិងទីក្រុងភ្នំពេញ។
លោកបន្តថា “អ្វីកាន់តែពិសេសទីក្រុងនេះស្ថិតនៅលើគន្លងផ្លូវសូត្រ ឬខ្សែក្រវ៉ាត់១ផ្លូវ១របស់ប្រទេសចិន ដែលបានឆ្លងកាត់ពីក្រោយទីក្រុងរណបរបស់យើង។លោកបន្តថា “នៅកម្ពុជាមានច្រកព្រំដែនច្រើន តែច្រកព្រំដែនលំដាប់អន្តរជាតិមានពីរគឺបាវិត និងក្រុងប៉ោយប៉ែត ដែលជាច្រកតភ្ជាប់ក្នុងក្របខ័ណ្ឌអាស៊ាន។
លោកយិន លាងគង់អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកជំនាញអចលន ទ្រព្យកម្ពុជាបានមានប្រសាសន៍ថា ទីក្រុងបាវិតពិតមានលក្ខណៈពិសេស ដោយសារការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋជាមួយប្រទេសវៀតណាម ងាយស្រួលក្នុងការដឹកជញ្ជូនទំនិញពីកម្ពុជាឆ្លងកាត់ប្រទេសវៀតណាម ជាជាងដឹកពីបាវិតមកកាន់កំពង់ផែភ្នំពេញ ឬទៅកាន់កំ ពង់ផែក្រុងព្រះសីហនុ។
លោកបន្តថា តាមការព្យាករណ៍រយៈពេល៥ទៅ១០ឆ្នាំខាងមុខ ក្រុងបាវិតនឹងមានមនុស្សចូលទៅរស់នៅប្រមាណ១៥ ទៅ២០ម៉ឺននាក់ ខណៈតំបនសេដ្ឋកិច្ចពិសេសកាន់តែពង្រីក និងក្រុងរណបចំនួនពីរបាននិងកំពុងសាងសង់។លោកបន្តថា “ហេដ្ឋារចនាសម្ព័ន្ឋ និងការតភ្ជាប់វិថីសូត្ររបស់ប្រទេសចិន នឹងធ្វើឲ្យទីក្រុងនេះកាន់តែរីកចម្រើន តាមរយៈលំហូរវិនិយោគផ្ទាល់ពីបរទេសបាននិងកំពុងកើនឡើង ពិសេសអ្នកវិនិយោគចិន។
លោកយិន លាងគង់បានបន្តថា លក្ខខ័ណ្ឌភូមិសាស្ត្រ សណ្ឋានដី និងគោលនយោបាយរបស់រដ្ឋាភិបាល ដែលដាក់ទីក្រុងនេះជាតំបន់ឧស្សាហកម្ម វាជាកត្តាលីករយ៉ាងសំខាន់ ដែលនឹងធ្វើឲ្យទីក្រុងនេះមានការរីកចម្រើនលឿននាពេលអនាគត ហើយវានឹងក្លាយជាប៉ូលសេដ្ឋកិច្ចធំមួយទៀតនៅតាមព្រំដែន បន្ទាប់ពីទីក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ។
លោក សោម កែវម៉ាលីដា ហៅ Andy អ្នកជំនាញអចលនទ្រព្យអន្តរជាតិ និងជាដៃគូធ្វើការងារជាមួយគំរោងទីក្រុងរណប Empire World បានមានប្រសាសន៍ថា ដោយសារតែវាជាទីក្រុងបែប Mega City វានឹងទាក់ទាញប្រជាជនកាន់តែច្រើនចូលទៅរស់នៅទីក្រុងនេះ តាមរយៈOnline Gaming, កាស៊ីណូ សណ្ឋាគារ អាផាតម៉ិន កន្លែងកំសាន្ត Water Park ជាដើម។
លោកបន្តថា “នៅពេលគំរោងនេះបញ្ចប់ការសាងសង់ វានឹងហុចសក្តានុពលខ្លាំងដល់តំបន់នេះ ដែលផ្តល់ឳកាសឲ្យអ្នកវិនិយោគអាចវិនិយោគបាន និងទាក់ទាញការវិនិយោគបន្ថែមទៀត។លោកបន្តថា “អ្វីកាន់តែពិសេសនៅពេលគំរោងខ្សែក្រវ៉ាត់១ ផ្លូវ១ត្រូវបានតភ្ជាប់ជាផ្លូវការនឹងជួយសម្រួលការដឹកជញ្ជូន និងលើកកំពស់សកម្មភាពពាណិជ្ជកម្ម ការដឹកជញ្ជូនកាន់តែប្រសើរថែមទៀត ដោយសារវាស្ថិតនៅជាប់នឹងច្រកព្រំដែនអន្តរជាតិដ៏ធំមួយ”៕