គំរោងកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប៉ែកខាងកើតប្រវែងជាង៣៤គីឡូម៉ែត្រនឹងត្រូវសាងសង់ស្ពានវែងៗចំនួន៣

0

  ដោយៈ គង់ សូរិយា

    ភ្នំពេញៈ នៅទីបំផុតកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលតភ្ជាប់ពីផ្លូវក្រវ៉ាត់ក្រុងបច្ចុប្បន្ន ត្រូវបានដាក់បង្ហាញជូនមន្រ្តីជាន់ខ្ពស់ ក្រសួងសាធារណៈការ និងដឹកជញ្ជូនហើយ។

គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតនេះ មានប្រវែងប្រមាណ ៣៤,១៥គីឡូម៉ែត្រ ត្រូវបានក្រុមហ៊ុនសំណង់សៀងហៃ លើកយកមកធ្វើបទបង្ហាញជូន អ្នកជំនាញបច្ចេកទេសក្រសួងដើម្បីពិនិត្យ និងផ្ដល់ធាតុចូលបន្ថែម។

ពិធីធ្វើបទបង្ហាញនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១០ មិនានេះ ក្រោមអធិបតីភាពលោកលឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co,.Ltd.) ដើម្បីស្វែងយល់បទបង្ហាញស្តីពី លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសជំនាញជាច្រើនរូបផងដែរ។

យោងតាមបទបង្ហាញរបស់ក្រុមហ៊ុនសំណង់សៀងហៃ គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតនេះ មានប្រវែងប្រមាណ៣៤,១៥គីឡូម៉ែត្រ សាងសង់ជាផ្លូវ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ចេញពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ ឆ្លងកាត់កោះចំនួន២ គឺកោះដាច់ និងកោះតាង ដោយត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៣ ក្នុងនោះស្ពានទី១ (ផ្លូវជាតិលេខ៦-កោះដាច់) មានប្រវែង១៣១១ម៉ែត្រ ស្ពានទី២ (កោះដាច់-កោះតាង) មានប្រវែង៥៧៩ម៉ែត្រ និងស្ពានទី៣ (កោះតាង-ផ្លូវ៧០បេ) មានប្រវែង១០៤៤ម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ២៤០លានដុល្លារអាមេរិក។

បន្ទាប់ពីបានស្វែងយល់បទបង្ហាញរួចមក អ្នកជំនាញបច្ចេកទេសក្រសួងបានជជែកពិភាក្សា និងផ្ដល់យោបល់ជាធាតុចូលលើការងារបច្ចេកទេសសំខាន់ៗក្នុងការសាងសង់ រួមមានការរៀបចំជាចំណតយានយន្ត ព្រមទាំងការសិក្សាបន្ថែមលើភូមិសាស្ត្រតំបន់ ការសិក្សាលើលំហូរទឹក និងទំនប់ទឹក ជាធាតុចូលដើម្បីធ្វើឱ្យគម្រោងនេះមានប្រសិទ្ធភាព និងនិរន្តរភាព៕

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here