ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ខណ្ឌទួលគោកជាតំបន់មួយ ដែលមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយតាមរយៈការអភិវឌ្ឍនេះដែរ ក៏បានជំរុញឱ្យតម្លៃដីធ្លី នៅក្នុងខណ្ឌមួយនេះកើនឡើងជាបន្តបន្ទាប់ផងដែរ។
នៅថ្ងៃនេះយើងនឹងបង្ហាញពីតម្លៃដីធ្លី នៅតាមបណ្ដាសង្កាត់នានា ក្នុងខណ្ឌទួលគោកសម្រាប់វិនិយោគិន ឬអ្នកអភិវឌ្ឍន៍សិក្សាក្នុងការពិចារណាវិនិយោគឬអភិវឌ្ឍន៍។
១. សង្កាត់ផ្សារដេប៉ូ១
សង្កាត់នេះតម្លៃដី មានចន្លោះពី២១០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េដល់៥៦០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ វាអាស្រ័យទៅលើស្ថានភាពដីទីតាំង នៅផ្លូវធំៗឬផ្លូវតូច។
២.សង្កាត់ផ្សារដេប៉ូ២
តម្លៃដីធ្លីនៅក្នុងសង្កាត់មួយនេះ មានចន្លោះពី២១០០ដុល្លារទៅ៥៧០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។
៣.សង្កាត់ផ្សារដេប៉ូ៣
តម្លៃដីធ្លីនៅក្នុងសង្កាត់មួយនេះ មានតម្លៃមិនខុសពីតម្លៃដីធ្លីនៅក្នុងសង្កាត់ផ្សារដេប៉ូ២ឡើយ ពោលគឺស្ថិតនៅក្នុងចន្លោះពី២១០០ដុល្លារទៅ៥៧០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ។
៤.សង្កាត់ទឹកល្អក់១
សង្កាត់នេះក៏ជាតំបន់សំខាន់មួយ នៅក្នុងខណ្ឌទួលគោក ហើយតម្លៃដីធ្លីវាមានតម្លៃចន្លោះ ពី២១០០ដុល្លារអាមេរិក ទៅ៥៦០០ដុល្លារអាមេរិក។
៥.សង្កាត់ទឹកល្អក់២
សង្កាត់មួយនេះតម្លៃដីធ្លី គឺប្រហាក់ប្រហែលនឹងតម្លៃដីធ្លី ក្នុងសង្កាត់ទឹកល្អក់១ដែរ ដោយតម្លៃដីធ្លី មានចាប់ពី២១០០ដុល្លារអាមេរិក ទៅ៥៦០០ដុល្លារអាមេរិកអាស្រ័យលើទីតាំង។
៦.សង្កាត់ទឹកល្អក់៣
តម្លៃដីធ្លីនៅតំបន់ទឹកល្អក់៣ មានការខុសគ្នាបន្តិចពីតំបន់ នៃសង្កាត់ទឹកល្អក់១ និងទឹកល្អក់២ ពោលគឺតម្លៃនៅក្នុងសង្កាត់ទឹកល្អក់មានតម្លៃ ចន្លោះពី២១០០ដុល្លារទៅ ៥១០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
៧. សង្កាត់បឹងកក់១និង២
បឹងកក់ជាតំបន់ដែលមានសក្ដានុពល ក្នុងការទាក់ទាញការវិនិយោគហើយបច្ចុប្បន្ននេះ មានគម្រោងជាច្រើន ក៏កំពុងលេចរូបរាងជាបន្តបន្ទាប់នៅតំបន់។
តម្លៃដីធ្លីនៅសង្កាត់បឹងកក់ចាត់ថា មានតម្លៃខ្ពស់ជាងក្នុងខណ្ឌទួលគោកដោយ នៅសង្កាត់បឹងកក់១ មានតម្លៃចន្លោះពី២៣០០ដុល្លារអាមេរិកទៅ៦១០០ដុល្លារអាមេរិក ហើយសង្កាត់បឹងកក់២មានតម្លៃចន្លោះពី២៨០០ដុល្លារ ដល់៦១០០ដុល្លារអាមេរិក។
៨.សង្កាត់ផ្សារដើមគរ
ផ្សារដើមគរក៏ជាតំបន់មមាញឹក និងពិបាកក្នុងការស្វែងរកដីធ្លីសម្រាប់វិនិយោគបន្តិច ប៉ុន្តែតម្លៃនៅតំបន់នេះ មានតម្លៃពី២១០០ដុល្លារអាមេរិក ទៅ៥៦០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ។
៩. សង្កាត់បឹងសាឡាង
ដីធ្លីនៅសង្កាត់បឹងសាឡាង ក៏មិនខុសគ្នាប៉ុន្មានដែរ ពីតំបន់ក្នុងសង្កាត់ផ្សារដើមគរ ក្នុងនោះតម្លៃដី មានចាប់១៩០០ដុល្លារអាមេរិកដល់៥៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។
ជាការកត់សម្គាល់ឃើញថា តម្លៃដីធ្លីនៅក្នុងរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តនានា ក្នុងប្រទេសកម្ពុជា ទោះបីជាស្ថានភាពនៃវិបត្តិកូវីដ១៩ និងវិបត្តិនៃសង្គ្រាមរុស្ស៊ីអ៊ុយក្រែនក្ដី មិនមានការប្រែប្រួលធ្លាក់ចុះទេ ពោលគឺនៅរក្សាថេរ ឬមានការកើនឡើងតិចតួច ធៀបនឹងមុនវិបត្តិ។
យ៉ាងណាក៏មានតំបន់ខ្លះ បានធ្លាក់ចុះតិចតួច អាស្រ័យលើម្ចាស់ដី ដោយមិនទាក់ទងនឹងទីផ្សាររួមឡើយ៕