ដោយគង់ សូរិយា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានថ្លែងងថា ត្រូវបង្វែរអភិវឌ្ឍន៍សេដ្ឋកិច្ចដោយពឹងផ្អែកលើបច្ចេកវិទ្យា និងត្រូវបង្វែរទិសចេញឧស្សាហកម្ម ដែលពឹងផ្អែកទៅលើវិស័យកាត់ដេរ សំលៀកបំពាក់ ការបូប និងស្បែក ជើង។
រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មលោក ហេង សុខគង់ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំ នៅក្នុងភាពជាអ្នកដឹកនាំស្ថាប័នជំនាញ នៃការបូកសរុបលទ្ធផលការងាររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ប្រចាំឆ្នាំ២០១៨ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩កន្លងមកថា ក្នុងកំឡុងពេល៣ឆ្នាំម្តងៗ អង្គការសហប្រជាជាតិ តែងតែរៀបចំរបាយការណ៍ប្រទេស ដែលចាកផុតពីភាពក្រីក្រ ដោយផ្តោតទៅលើ៣ចំណុចសំខាន់ៗដូចជា ពាក់ព័ន្ធអត្រាចំណូលរបស់ប្រជាជនម្នាក់ៗ ភាពរឹងមាំនៃសេដ្ឋកិច្ច និងផ្នែកធនធានមនុស្ស រួមជាមួយផលិតភាព ដោយផ្អែកទៅលើចំណុចទាំង៣នេះ កម្ពុជានឹងអាចរួចផុតពីប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួច (LDC) នៅក្នុងកំឡុងឆ្នាំ២០២៣ នេះជាមិនខាន។
លោកបន្តថា “នៅពេលដែលកម្ពុជាចាកចេញពីភាពក្រីក្រ យើងនឹងបាត់បង់ ដូចជា ប្រព័ន្ធអនុគ្រោះពន្ធ (GSP) និងលើកលែងពន្ឋលើគ្រប់មុខទំនិញលែងលែងតែអាវុធ (EBA)”។
លោកបន្តថា “ឆ្លើយតបនឹងស្ថានភាពនេះកម្ពុជាត្រូវបង្វែរទិសឧស្សាហកម្ម ដែលពឹងផ្អែកទៅលើវិស័យកាត់ដេរ សំលៀកបំពាក់ ការបូប និងស្បែកជើង ទៅជាឧស្សាហកម្មដែលពឹងផ្អែកទៅលើបច្ចេកវិទ្យាវិញ ទើបកម្ពុជាមានឱកាសប្រកួតប្រជែងប្រកបដោយភាពជោគជ័យ។
មានប្រសាសន៍ក្នុងវេទិកាសាធារណៈស្តីពីម៉ាក្រូសេដ្ឋកិច្ច និងថវិកាជាតិឆ្នាំ២០១៩ កាលពីសប្តាហ៍មុន លោកវង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា បច្ចុប្បន្នកម្ពុជាកំពុងត្រៀម និងកំពុងជម្រុញបង្កើតក្រុមការងារយុទ្ធសាស្ត្រ អភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេល១៥ឆ្នាំសម្រាប់ទាញយកផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤ ហើយបើកម្ពុជាអនុវត្តន៍គោលនយោបាយបានត្រឹមត្រូវ ល្បឿនសេដ្ឋកិច្ចកម្ពុជានឹងដើរលឿនជាងមុន ដូច្នេះនៅឆ្នាំ២០៣០ កម្ពុជានឹងអាចឈានឡើង ជាប្រទេសមានចំណូមធ្យមកម្រិតខ្ពស់បានយ៉ាងងាយផងដែរ៕