ដោយៈ គង់ សូរិយា
ភ្នំពេញៈ កំណាត់ផ្លូវជាតិលេខ៧៣ (ប្រធាតុ-កំពង់រាំង) ផ្លូវខេត្ដលេខ៣៧៧ (ក្រុងក្រចេះ-ស្រុកសំបូរ) និង ផ្លូវខេត្ដលេខ៣៧៧A (សណ្តាន់-ស្រុកសំបូរ) នឹងត្រូវប្រារព្ធពិធីបើកការដ្ឋានលើកកម្រិត និងជួសជុលថែទាំ នៅថ្ងៃស្អែកទី៤ ខែមេសា ឆ្នាំ២០២៣នេះ។
ផ្លូវ៣ខ្សែនេះ មានប្រវែងសរុប៩៨,៤០ គីឡូម៉ែត្រ ដែលក្នុងនោះ កំណាត់ផ្លូវជាតិលេខ៧៣ មានប្រវែង៤៩,៨១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ (០+០០) ផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ (ព្រំប្រទល់ខេត្តក្រចេះ) គីឡូម៉ែត្រលេខ (៤៩+៨១២)។
ចំណែកឯ ផ្លូវខេត្តលេខ៣៧៧ មានប្រវែង៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាបស (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវខេត្តលេខ៣៧៧A មានប្រវែង១៣,៦គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក (World Bank)។
ពិធីបើកការដ្ឋាននេះ នឹងមានការអញ្ជើញចូលរួម ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា -ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕