កម្ពុជា ចិនរួមចិត្ត រួមដៃ វាសនារួមជម្រុញវិស័យទេសចរណ៍ និងការវិនិយោគ

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងភាគីចិនបានប្រារព្ធពិធីអបអរសាទរខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតនាឆ្នាំ២០២៥ ជាមួយការបេ្តជ្ញាចិត្ត “កម្ពុជា និងចិន រួមចិត្ត រួមដៃ វាសនារួម ជំរុញទេសចរណ៍ និងការវិនិយោគដើម្បីការរីកចំរើន ក្រោមដំបូលសុខសន្តិភាព”។

តបតាមការអញ្ជើញរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិម (CMG) លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថា ក្នុងពិធីសម្តែងសិល្បៈរួមគ្នា កម្ពុជា-ចិន ក្រោមប្រធានបទ “ស្លាបនៃសន្តិភាព” រួមចិត្ត រួមដៃ វាសនារួម ដើម្បីអបអរសាទរខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ដោយមានការចូលរួមពីសំណា​ក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិពីស្ថាប័នរដ្ឋ និងឯកជន ព្រះតេជគុណ Yan Shu ប្រធានមជ្ឈមណ្ឌលវប្បធម៌កម្ពុជាសៅលីង ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ តេសសូ នាយកសាលារបាំបុប្ផាទេវី លោក Lin Shi Qiang ប្រធានសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា លោក Feng Hui ប្រធានគ្រប់គ្រងនៃវិទ្យុមិត្តភាពកម្ពុជាចិន និងជាតំណាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG)ជាដើម។

ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្ត្រីទេសចរណ៍មានប្រសាសន៍ថា ក្នុងឱកាសដ៏វិសេសវិសាលនៃខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការកម្ពុជា-ចិន កម្ពុជា-ចិន លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម កម្មវិធីដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅរៀបចំ ដោយ CMG “ការសម្តែងសិល្បៈរួមគ្នា កម្ពុជា-ចិន” ក្រោមប្រធានបទ “ស្លាបនៃសន្តិភាព” ពិតជាបានបង្កប់នូវប្រវតិ្តសាស្រ្តដ៏យូរលង់រវាងប្រទេសទាំងពីរ ដែលប្រសព្វគ្នានៅក្នុងវេលាដ៏ល្អមួយនេះ ព្រមទាំងបានពិពណ៌នាអំពីប្រធានបទតែមួយ ដែលជាមរតកដ៏មហិមា គឺតម្លៃនៃសន្តិភាព និងកម្លាំងនៃមិត្តភាពដែកថែប។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា ធ្លាប់បានឆ្លងកាត់ការឈឺចាប់ពីសង្គ្រាមជាច្រើនទសវត្សរ៍ និងជម្លោះព្រំដែនជាមួយប្រទេសថៃនាពេលថ្មីៗនេះ ពិតជាអាចឆ្លុះបញ្ចាំងដល់ពិភពលោកថា ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ស្រឡាញ់ និងឱ្យតម្លៃសន្តិភាពខ្លំាងណាស់ ហើយពិតជាស្រឡាញ់ ឱកាសអភិវឌ្ឍន៍ ដែលនាំមកដោយសន្តិភាពយ៉ាងខ្លាំង។

លោកហួត ហាក់ បានសូមយកឱកាសនេះ សម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ស្ថានទូតចិនប្រចាំនៅកម្ពុជា លោកវ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដែលបានចូលរួមចំណែកជំរុញការចរចា រហូតដល់មានកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ព្រមទាំងមិត្តភក្តិចិននៅកម្ពុជា បានរួមគ្នាជាមួយមហាគ្រួសារវិស័យទេសចរណ៍កម្ពុជា ជួយឧបត្ថម្ភជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ផងដែរ។

ក្នុងនាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា សូមស្វាគមន៍មិត្តចិនទាំងអស់ដោយកក់ក្ដៅ និងស្មោះស្ម័គ្របំផុត និងរង់ចាំភ្ញៀវទេសចរចិន ដែលពោរពេញដោយក្តីស្រឡាញ់សន្តិភាព ប្រាថ្នាចង់បានមិត្តភាព និងចង់ស្វែងយល់ពីវប្បធម៌សម្បូរបែបកាន់តែច្រើន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ជឿជាក់ថា “រាល់ដំណើរទស្សនកិច្ចរបស់មិត្តចិន គឺជាការបង្ហាញយ៉ាងរស់រវើក នៃមិត្តភាពកម្ពុជា-ចិន និងការជំរុញដ៏ខ្លាំងក្លាដល់ “ស្លាបសន្តិភាព”។

សុន្ទរកថាគ្រឹះរបស់ លោកឯក សំអុល ប្រធានសមាគម មិត្តភាពកម្ពុជា-ចិន បានបញ្ជាក់ពីឆ្នាំ២០២៥ ដែលជាខួបលើកទី៦៧ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយទំនាក់ទំនងរវាង ប្រទេសទាំងពីរ មានភាពរឹងមាំ និងស្ថិតស្ថេរយូរអង្វែង មនោសញ្ចេតនារវាងប្រជាជនក៏មានភាពស៊ីជម្រៅ។

លោកបញ្ជាក់ថា “វប្បធម៌និង សិល្បៈ គឺជាស្ពានមួយដែលដែលអាចឆ្លងផុតព្រំដែន ការរៀបចំកម្មវិធីសម្ដែងសិល្បៈនេះ គឺដើម្បីផ្សព្វផ្សា​យទស្សនៈសន្តិភាព និងបង្ហាញពីស្មារតីប្រឆាំងសង្គ្រាម ដែលនេះមិនត្រឹមតែជាការរំលឹក ដល់ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាការបន្ត និងពង្រឹងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ព្រមទាំងជាសេចក្តីប្រកាសដ៏ម៉ឹងម៉ាត់ អំពីតម្លៃសន្តិភាពដែលប្រជាជន នៃប្រទេសទាំងពីររួមគ្នាការពារផងដែរ”។

នៅក្នុងកម្មវិធីនេះ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ក៏បានថ្លែងថាសន្តិភាព គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍។ ប្រជាជន កម្ពុជា ស្រឡាញ់ និងការពារសន្តិភាព  និងឱ្យតម្លៃកាលានុវត្តភាពអភិវឌ្ឍន៍ ដែលនាំមកដោយសន្តិភាព។

ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិមួយ ដែលប្រកបដោយសុវត្ថិភាព មេត្រីភាព និងមានភាពទាក់ទាញ។ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៥ នេះប្រទេសកម្ពុជា បានទទួលភ្ញៀវទេសចរអន្តរជាតិ ចំនួន៣.៧១០.០០០នាក់ ដោយ ក្នុងនោះភ្ញៀវទេសចរចិន មានប្រមាណ៦៩ម៉ឺននាក់ កើនឡើង៤៨,២ ភាគរយ។

សូមប្រជាជនចិន ត្រដាង “ស្លាបសន្តិភាព ” ហោះហើរមកទស្សនាកម្ពុជា និងទទួលយកបទពិសោធពីភាពអច្ឆរិយ និងភាពស្រស់ស្អាតដែលប្រទេសកម្ពុជា និងប្រជាជនកម្ពុជាផ្តល់ជូន។

ជាការពិតមិនអាចប្រកែកបាន ទំនាក់ទំនងរវាងប្រទេស នឹងរឹងមាំនៅពេល ដែលប្រជាជនមានភាពស្និទ្ធស្នាល ហើយភាពស្និទ្ធស្នាលរវាងប្រជាជនកើតចេញពីការយល់ចិត្តគ្នា។ កម្មវិធីនាពេលល្ងាចនេះ មិនត្រឹមតែជាកម្មវិធីសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងពីបេះដូងរួមគ្នាផងដែរ។

ប្រជាជននៃប្រទេសទាំងពីរ បានបង្ហាញនូវក្តីស្រឡាញ់ចំពោះសន្តិភាព និង ក្តីរំពឹងចំពោះអនាគតដ៏ស្រស់បំព្រង តាមរយៈតន្ត្រី និងរបាំ។ ភ្ញៀវកិត្តិយស និងទស្សនិកជន បានលើកឡើងថាកម្មវិធីសម្ដែងសិល្បៈ “ស្លាបសន្តិភាព” មិនត្រឹមតែបង្ហាញពីការផ្លាស់ប្តូរ និង រៀនសូត្រវប្បធម៌ទៅវិញទៅមកនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីជំនឿចិត្តដ៏រឹងមាំ ក្នុងការរួមគ្នាកសាងសន្តិភាព និងមិត្តភាពផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here