ដោយៈ ស៊ីវ ម៉េង
កំពតៈ បន្ទាប់ពីជម្នះឧបសគ្គយ៉ាងយូរ ទីបំផុតផ្លូវតភ្ជាប់ពីចំណុចវាលស្រែ៥០០ នៃខ្នងភ្នំបូកគោ ទៅកាន់ផ្លូវជាតិលេខ៤ឈូសឆាយបញ្ចប់១០០ភាគរយហើយ។
លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នឹងអញ្ជើញពិនិត្យពីវឌ្ឍនភាព នៃការ សាងសង់ផ្លូវនេះ នៅថ្ងៃទី៨ មេសាខាងមុខនេះ។
អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែលបានអញ្ជើញចុះត្រួតពិនិត្យផ្លូវថ្មី១ខ្សែនេះ ដែលជាផ្លូវដ៏សំខាន់ និងជាផ្លូវប្រវត្តិសាស្រ្ត តភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ មានប្រវែងសរុប៦១គីឡូម៉ែត្រនេះ។
អ្នកឧកញ៉ាសុខ គង់បានប្រើប្រាស់អ្នកជំនាញការជាតិ អន្តរជាតិ ក្នុងការកសាងផ្លូវមួយខ្សែនេះ ដោយប្រើប្រាស់ប្រព័ន្ឋGoogle Mapដើម្បីត្រួសត្រាយតម្រាយផ្លួវនេះ ដែលជាផ្លូវថ្មី ត្រូវសាងសង់ពុះកាត់ភ្នំ ផ្ទាំងថ្មធំៗ អូរ និងជ្រោះផងដែរ។
ផ្លូវថ្មីនេះ នឹងដើរតួនាទីកាន់តែសំខាន់ ក្នុងការលើកកំពស់សេដ្ឋកិច្ចនៅក្នុងខេត្តកំពត ពិសេសជម្រុញការអភិវឌ្ឍទីក្រុងបូកគោ កាន់តែសកម្ម និងរសរវើកថែមទៀត ខណៈរហូតមកទល់ពេលនេះក្រុមហ៊ុនសុខាអូតែល បានចំណាយប្រាក់ចន្លោះពី៤០០ ទៅ៥០០លានដុល្លាររួចហើយ ដើម្បីវិនិយោគនៅទីក្រុងនេះ។
បច្ចុប្បន្នក្រុមហ៊ុនសុខាអូតែល បាននិងកំពុងសាងសង់ពុទ្ឋបដិមាទ្រង់ព្រះភ្នែន កំពស់១០៨ម៉ែត្រ ដែលជាកំពស់ខ្ពស់ជាងគេនៅលើពិភពលោក។
អ្នកឧកញ៉ាសុខ គង់បានមានប្រសាសន៍ឲ្យអគ្គនាយកគេហទំព័រPropertyarea.asiaដឹងកាលពីពេលថ្មីៗនេះថា លោកចង់រួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជា ពិសេសលើកកំពស់សេដ្ឋកិច្ច និងវិស័យទេសចរណ៍នៅខេត្តកំពត ឲ្យមានភាពរីកចម្រើនមួយកម្រិតទៀត។
អ្នកឧកញ៉ាបានបញ្ជាក់ថា “បើខ្ញុំមិនចង់ហត់នឿយ និងចង់ចូលនិវត្តន៍ ហើយដើរកំសាន្តនៅតាមបណ្តាប្រទេសនានា ខ្ញុំមានលុយគ្រប់គ្រាន់សម្រាប់ដើរ ប៉ុន្តែខ្ញុំសុខចិត្តហត់នឿយ ដើម្បីជួយរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា”៕