ដោយ: គង់ លាងហួរ
ប៉េកាំង: យោងតាមការស្ទង់មតិឯកជនមួយបានបង្ហាញថា ការលក់ផ្ទះថ្មីរបស់ប្រទេសចិនបានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែមីនា ដោយសារតែគោលនយោបាយគាំទ្រមួយចំនួនបានជំរុញឱ្យមានការកើនឡើងនៃតម្រូវការ។
ការលក់ផ្ទះថ្មីបានកើនឡើង៥៥,៧ភាគរយពីមួយខែទៅមួយខែ ពោលគឺកើនឡើងពីកំណើន៣១,៩ភាគរយនៅក្នុងខែកុម្ភៈ។នេះបើយោងតាមទិន្នន័យពី China Index Academy ដែលជាអ្នកស្រាវជ្រាវផ្នែកអចលនទ្រព្យឯករាជ្យដ៏ធំបំផុតរបស់ប្រទេសនេះ។
ការលក់ផ្ទះក្នុងទីក្រុងលំដាប់លេខ១ រួមទាំងរដ្ឋធានីប៉េកាំងរបស់ប្រទេសចិន និងមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងសៀងហៃ បានកើនឡើងលឿនបំផុតក្នុងអត្រា៧៣ភាគរយកាលពីខែមីនា។ ចំណែក ការលក់ផ្ទះនៅក្នុងទីក្រុងលំដាប់ទី២ និងទីក្រុងលំដាប់ទី៣ បានកើនឡើង៥៤,៧ភាគរយ និង២៨,៦ភាគរយរៀងៗគ្នា។
ទិន្នន័យនេះនឹងក្លាយជាព័ត៌មានដ៏ល្អសម្រាប់វិស័យនេះ ដែលធ្លាប់ជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ប៉ុន្តែត្រូវបានរងគ្រោះដោយវិបត្តិជាច្រើនចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២១ រួមទាំងការសងបំណុលរបស់អ្នកអភិវឌ្ឍន៍ និងការជាប់គាំងគម្រោងលំនៅដ្ឋាន។
ក្រុមអ្នកបង្កើតគោលនយោបាយនៅក្នុងប្រទេសចិនបានដាក់ចេញកញ្ចប់ថវិកាសង្គ្រោះដ៏ធំមួយកាលពីចុងឆ្នាំមុន ដើម្បីជំរុញការលក់ និងអនុញ្ញាតឱ្យមានការបញ្ចប់គម្រោងសាងសង់ ដែលជួយកែលម្អអារម្មណ៍។
ឧស្សាហកម្មនេះក៏បានមើលឃើញការស្ទុះងើបឡើងវិញបន្តិចម្តងៗនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលអ្នកទិញផ្ទះនឹងត្រឡប់មកវិញ បន្ទាប់ពីទីក្រុងប៉េកាំងបានបោះបង់ចោលគោលនយោបាយសូន្យកូវីដដ៏តឹងរ៉ឹងរបស់ខ្លួន។
យោងតាមការស្ទង់មតិដាច់ដោយឡែកមួយដោយអ្នកស្រាវជ្រាវបានបង្ហាញថា តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងចំនួន១០០របស់ប្រទេសចិនបានកើនឡើងក្នុងល្បឿនលឿនបំផុតក្នុងរយៈពេល៩ខែនៅក្នុងខែមីនា៕