ដោយ: គង់លាងហួរ
វៀងច័ន្ទ: នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានទទួលទានអាហារពេលព្រឹកជាមួយលោក Sonexay Siphandone នាយករដ្ឋមន្រ្តីឡាវ និងសម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ (MRC) លើកទី៤ នៅទីក្រុងវៀងចន្ទន៍ កាលពីថ្ងៃទី៥ ខែមេសា។
ថ្នាក់ដឹកនាំទាំងបីបានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសខ្លួន និងក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួមផងដែរ។
ថ្នាក់ដឹកនាំទាំង៣បានចែករំលែកទស្សនៈពីការសម្របសម្រួលក្នុងការរក្សាទំនាក់ទំនង និងកិច្ចប្រជុំកម្រិតខ្ពស់ជាប្រចាំនៅគ្រប់កម្រិត រួមទាំងកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីទាំងបី នឹងជួយរឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី។
មេដឹកនាំទាំងបីបានឯកភាពធ្វើការរួមគ្នាក្នុងការអនុវត្តលទ្ធផល ដែលទទួលបានក្នុងកិច្ចប្រជុំកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំង៣នៅទីក្រុងហាណូយនាខែកញ្ញា ឆ្នាំ២០២១ និងបានកោតសរសើរអំពីការរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងឆ្នាំសាមគ្គីភាព និងមិត្តភាពវៀតណាម–ឡាវ និងមិត្តភាពវៀតណាម–កម្ពុជាឆ្នាំ២០២២ រួមចំណែកលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ជាពិសេសយុវជនជំនាន់ក្រោយអំពីចំណងសាមគ្គីភាព និង
មិត្តភាពរវាងប្រទេសជិតខាង។
នាយករដ្ឋមន្ត្រីនៃប្រទេសទាំង៣បានឯកភាពបង្កើនការតភ្ជាប់រវាងសេដ្ឋកិច្ចនៃប្រទេសទាំងបី និងគាំទ្រគ្នាទៅវិញទៅមកក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯងនៃសមាហរណកម្មអន្តរជាតិដែលប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ។
ប្រទេសទាំង៣បានព្រមព្រៀងគ្នាក្នុងការសម្របសម្រួលបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងការវិនិយោគ ពាណិជ្ជកម្ម និងអាជីវកម្មរវាងសហគ្រាស លើកទឹកចិត្តពាណិជ្ជកម្មតាមព្រំដែន និងចែករំលែកបទពិសោធន៍ក្នុងការកសាងច្បាប់ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការប្រើប្រាស់ជំនួយអភិវឌ្ឍន៍ផ្លូវការ។
ភាគីទាំងនេះបានលើកឡើងថា ចំពេលមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាននៃសេដ្ឋកិច្ចពិភពលោក បូករួមទាំងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងផលប៉ះពាល់នៃបច្ចេកវិទ្យាឌីជីថល និងបណ្តាញសង្គម ប្រទេសទាំង៣គួរតែជំរុញកិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍ក្នុងវិស័យព័ត៌មានវិទ្យា។
ទាក់ទងនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាកង្វល់រួមនោះ លោក Chinh និងលោក Siphandone បានអបអរសាទរជាថ្មីម្តងទៀតចំពោះកម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាន និងអន្តរសភាអាស៊ាន (AIPA) ប្រកបដោយជោគជ័យកាលពីឆ្នាំមុន ដោយមានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ប្រកបដោយជោគជ័យ និងការបោះឆ្នោតថ្នាក់ជាតិលើកទី៧ នាពេលខាងមុខ។
ថ្នាក់ដឹកនាំទាំងបីបានសន្យាបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងបញ្ហាតំបន់ និងអន្តរជាតិ ព្រមទាំងចូលរួមចំណែកបន្ថែមទៀតក្នុងការរក្សា និងពង្រឹងសាមគ្គីភាព ឯកភាព និងមជ្ឈភាពរបស់អាស៊ាន ព្រមទាំងឯកភាពបង្កើនការតភ្ជាប់កិច្ចសហប្រតិបត្តិការមហាអនុតំបន់ ជាមួយនឹងដំណើរការកសាងសហគមន៍អាស៊ាន ដើម្បីគោលដៅអភិវឌ្ឍព្រមៗគ្នានិរន្តរភាព បង្រួមគម្លាតនៃការអភិវឌ្ឍ និងជម្រុញការតភ្ជាប់អាស៊ាន៕