រដ្ឋមន្រ្តីទេសចរណ៍ៈយុវជនខ្មែរត្រូវស្គាល់ពីគុណតម្លៃដ៏មហិមានៃមរតកវប្បធ៌ម សម្បត្តិធម្មជាតិរបស់ខ្លួន

0

ដោយៈ ចំណាន

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថា “ក្នុងនាមជាកូនខ្មែរ ជាយុវជនខ្មែរ ត្រូវស្គាល់ពីគុណតម្លៃដ៏មហិមា មិនអាចកាត់ថ្លៃបាននៃមរតកវប្បធម៌ សម្បត្តិធម្មជាតិ និងទឹកដីសុវណ្ណភូមិ ដែលបុព្វបុរសខ្មែរគ្រប់ជំនាន់បានបន្សល់ទុក។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងបែបនេះ ក្នុងពេលអញ្ជើញធ្វើបទបាឋកថាស្តីពី “សក្ដានុពល និងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា” ជូនឯកឧត្តម លោក លោកស្រី គណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្ត្រាចារ្យ  និងនិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់ផ្នែក នៅសាក​ល​វិ​ទ្យាល័យប៊ែលធី អន្តរជាតិ ដែលមានការចូលរួមពីសិស្ស និងស្សិតប្រមាណ២៨០០នាក់។

បាឋកថានេះធ្វើឡើង ក្នុងគោលបំណងចែករំលែកពុទ្ធិសំខាន់ៗ និងជាការរួមចំណែក ក្នុងការបណ្ដុះទឹកចិត្តដល់សិស្សនិស្សិត ដែលជាយុវជនបន្តវេន ជាទំពាំងស្នងឬស្សី និងជាសរសរទ្រូងដ៏រឹងមាំរបស់ប្រទេសកម្ពុជា ដែលកំពុងសិក្សានៅសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ឱ្យបានយល់ច្បាស់អំពីសក្តានុពល និងភាពធន់នៃវិស័យទេស​ចរណ៍កម្ពុជា និងដើម្បីបំផុសទឹកចិត្តឱ្យចេះស្រឡាញ់ ឱ្យចេះការពារ និងឱ្យចូលរួមទាំងអស់គ្នា លើកកម្ពស់វិស័យទេសចរណ៍ប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះភាពជាអ្នកដឹកនាំវ័យក្មេងរបស់ ឯកឧត្តមសាកលវិទ្យាធិការ ប្រកបដោយថាមពល និងកិច្ចខិតខំប្រឹងប្រែង ព្រមជាមួយនឹងសមិទ្ធផលជាច្រើន ដែលសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ សម្រេចបាន ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សលើមុខជំនាញសំខាន់ៗជាច្រើន រួមទាំងជំនាញនានាក្នុងវិស័យទេសចរណ៍ផងដែរ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្ស ដែលជាយុវជនបន្តវេនដ៏សំខាន់ សម្រា​ប់ខឿនការពារប្រទេសជាតិ និងជាកម្លាំងចលករដ៏សំខាន់បំផុតក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា។

ថ្លែងមុននឹងបញ្ចប់ លោករដ្ឋមន្រ្តីហួត ហាក់ បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្អូនៗនិស្សិតទាំងអស់ ក្នុងនាមជាកូនខ្មែរ ជាយុវជនខ្មែរ ត្រូវស្គាល់ពីគុណតម្លៃ ដ៏មហិមាមិនអាចកាត់ថ្លៃបាន នៃមរតកវប្បធម៌ សម្បត្តិធម្មជាតិ និងទឹកដីសុវណ្ណភូមិ ដែលបុព្វបុរសខ្មែរគ្រប់ជំនាន់បានបន្សល់ទុក ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ដល់សហគមន៍ជាតិ និងអន្តរជាតិ ព្រមទាំងបានលើកទឹកចិត្តឱ្យប្អូនៗនិស្សិតទាំងអស់ គិតវិជ្ជមាន និយាយវិជ្ជមាន ធ្វើសកម្មភាពវិជ្ជមាន និងផ្សព្វផ្សាយព័ត៌មានពិតនិងវិជ្ជមាន ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ និងកិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។

លោកបន្តថា ជាមួយគ្នានេះ និស្សិតត្រូវរក្សាសុខភាព រក្សាវិន័យឱ្យបានខ្ជាប់ខ្ជួន អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ មានសីលធម៌ និងគុណធម៌ ដើម្បីក្លាយខ្លួនជាមូលធនមនុស្ស និងត្រៀមខ្លួនចាប់យកឱកាសអាជីពការងារជាច្រើន នៅក្នុងវិស័យទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here