ដោយ: គង់ លាងហួរ
ភ្នំពេញ: សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបានអំពាវនាវឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុមានភាពបត់បែនជាមួយអ្នកខ្ចី ដែលមានបន្ទុកហិរញ្ញវត្ថុ ប៉ុន្តែបានលើកទឹកចិត្តឱ្យស្ថាប័ននានាចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលឃោសនាមិនឱ្យសងបំណុលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើការអំពាវនាវបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយអាចារ្យ និងអាចារីនីប្រមាណ១.៥០០នាក់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ។
សម្តេចបានសំណូមពរដល់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធនានា ត្រូវយកចិត្តទុកដាក់លើបញ្ហាកម្ចីធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយជៀសវាងការរឹបអូសទ្រព្យសម្បត្តិ និងចាប់ខ្លួនប្រជាពលរដ្ឋដែលគ្មានជម្រើសក្នុងការសងបំណុលក្រោយវិបត្តិកូវីដ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
ទោះ យ៉ាង ណាក្តី សម្តេចស្នើ ឲ្យ ធនាគារ និង គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ចាត់ វិធានការ ផ្លូវ ច្បាប់ ចំពោះ អ្នក ដែល ឃោសនា មិន ព្រម សង បំណុល។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវបានលើកទឹកចិត្តឱ្យចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលញុះញង់ និងឃោសនាប្រឆាំងនឹងការសងបំណុល”។
ប្រាក់ បញ្ញើ ក្នុង វិស័យ ធនាគារ របស់ កម្ពុជា បាន កើន ឡើង ដល់៤២,៧ពាន់ លាន ដុល្លារ គិត ត្រឹម ខែ មករា ឆ្នាំ ២០២៣នេះ ខណៈ កម្ចី ឆ្នើម(outstanding loan) របស់ ធនាគារ មាន ជាង៥៥ពាន់ លាន ដុល្លារ។ នេះ បើ តាម របាយការណ៍ ពី ធនាគារជាតិ នៃ កម្ពុជា (NBC)។
ប្រាក់កម្ចី នេះ ត្រូវ បាន បែងចែក ទៅ លើ វិស័យ សំខាន់ៗ ដូច ជា ពាណិជ្ជកម្ម លំនៅឋាន សំណង់ កសិកម្ម សណ្ឋាគារ និង ភោជនីយដ្ឋាន ផលិតកម្ម ជាដើម។
ធនាគារជាតិនៃកម្ពុជា បានអះអាងថា ប្រព័ន្ធធនាគារបានដើរតួនាទីយ៉ាងសកម្មក្នុងការបន្តគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុសមស្រប ដើម្បីបំពេញតម្រូវការសេដ្ឋកិច្ច៕