ដោយៈ ច្រាយ ចំណាន
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានបង្ហាញតួលេខដ៏គួរឲ្យភ្ញាក់ផ្អើលថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុប១៣,១៨៧,៧៧១នាក់។
លោកបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយតម្លៃថាចរន្តភ្ញៀវទេសចរនេះ គឺកើនច្រើនជាងកាលពីមិនទាន់ មានវិបត្តិជំងឺកូវីដ១៩ទៅទៀត។
លោកបញ្ជាក់ថា “រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបាន ភ្ញៀវទេសចរសរុប១៣,១៨៧,៧៧១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១៣,១៣២,០៨០នាក់ និងភ្ញៀវអន្តរជាតិមានចំនួន៥៥,៦៩១នាក់”។
តួលេខភ្ញៀវទេសចរប្រចាំថ្ងៃនីមួយៗ៖
* ថ្ងៃទី១៤ ខែមេសា មានចំនួន២,០៩៨,៥០១នាក់។
* ថ្ងៃទី១៥ ខែមេសា មានចំនួន៤,២៣៧,៧៨០នាក់។
* ថ្ងៃទី១៦ ខែមេសា មានចំនួន៦,៨៥១,៤៩០នាក់។
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖
* ខេត្តសៀមរាប២,១២០,៣៧៣នាក់
* ខេត្តបាត់ដំបង១,៥០០,១៦៨នាក់
* ខេត្តកំពង់ចាម១,៤០៨,៨១១នាក់
* រាធានីភ្នំពេញ១,០៨០,៥០៩នាក់
* ខេត្តព្រះសីហនុ៨៨៧,៨៩៣នាក់
* ខេត្តកំពត៨៧០,៣៩៩នាក់
* ខេត្តស្វាយរៀង៧៦០,៣៩៩នាក់
* ខេត្តកំពង់ឆ្នាំង៧៣៩,១៥៩នាក់
* ខេត្តបន្ទាយមានជ័យ៦៥០,០១៣នាក់
* ខេត្តកំពង់ស្ពឺ៥១២,៨៩៨នាក់។
លោកថោង ខុនវបានកត់សម្គាល់ថា ចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង១៣លាននាក់ ក្នុងរយៈពេល៣ថ្ងៃនេះ គឺជាចំនួនដ៏ច្រើនលើសលុបហួសពីការរំពឹងទុក និងច្រើនជាងពេលមុនវិបត្តិជំងឺកូវីដ-១៩ទៅទៀត។
លោកបានបន្តថា ចំនួនភ្ញៀវទាំងជាង១៣លាននាក់នេះ គឺរដ្ឋបាលរាជធានី-ខេត្ត បានរាប់បញ្ចូលទាំងភ្ញៀវទេសចរ ដែលទៅលេងកម្សាន្ត នៅតាមរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ ទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិ/ស្រុក និងកន្លែងជួបជុំនានាទូទាំងប្រទេស។
ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត (ខួប១០ឆ្នាំ) ដែលបើកទំព័រឡើងក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងការរៀបចំកម្មវិធីសង្រ្កាន្តនៅគ្រប់រាជធានី-ខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិ/ស្រុកនានា គឺជាកត្តាដែលបានទាក់ទាញឱ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្តយ៉ាងច្រើនកុះករ។
ក្នុងពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃនេះដែរ បណ្តារាជធានី-ខេត្តបានបង្កើនទំហំ នៃការជួបជុំកម្សាន្តកម្មវិធីសង្រ្កាន្ត នៅតាមទីប្រជុំជនសំខាន់ៗ ដូចជា ការបន្ថែមឡានទឹក សម្រាប់បាញ់ទឹកកម្សាន្ត និងការប្រគុំតន្រ្តីបន្ថែមជាដើម។
ទន្ទឹមនឹងនេះ សកម្មភាពនៃការដើរកម្សាន្ត របស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ មានតាំងពីពេលព្រឹក រហូតដល់យប់អាធ្រាត្រ ពិសេសការកម្សាន្តបាញ់ទឹក លាបម្សៅ និងចាក់ភ្លេងកម្សាន្តជាដើម។
លោករដ្ឋមន្ត្រី ថោង ខុន ចរន្តភ្ញៀវទេសចរដ៏ច្រើននេះបានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើន ទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗនៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរពេញស្ទើរ១០០%។ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋានក៏មានភ្ញៀវចូលពេញៗ ក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀប នឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើន បានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគ។
វិស័យឯកជនសម្ដែងការរីករាយជាពន់ពេក ចំពោះចរន្តភ្ញៀវដ៏ច្រើនលើសពីការរំពឹងទុក នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ និងបន្តមានសុទិដ្ឋិនិយមខ្ពស់ ចំពោះការងើបឡើងវិញ នៃវិស័យទេសចរណ៍ ខណៈដែលឆ្នាំ២០២៣ គឺជាឆ្នាំទស្សនាកម្ពុជា Visit Cambodia Year។
លោករដ្ឋមន្ត្រីបានវាយតម្លៃបានថា “ចរន្តភ្ញៀវទេសចរដ៏ច្រើនកុះករមិនធ្លាប់មានក្នុងឱកាសចូលឆ្នាំនេះ គឺបានមកពីការជឿជាក់លើភាពស៉ាំសហគមន៍ ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំព្រឹត្តិការណ៍កម្សាន្តដ៏សម្បូរបែប ពិសេសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងការធានាបាននូវសុខសន្តិភាពពេញលេញ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋដើរកម្សាន្តបានទូទាំងប្រទេស ដោយឥតភ័យព្រួយ”៕