វិនិយោគិនសិង្ហបុរីលើកឡើងថា ការឈានជើងចូលក្នុងទីផ្សារអចលនទ្រព្យរាជធានីភ្នំពេញគឺជាឱកាសមាស

0

ដោយៈ សុខុម

សិង្ហបុរី: ភាពអច្ឆរិយៈនៃប្រាសាទបុរាណអង្គរវត្ត ដ៏ល្បីរន្ទឺគួបផ្សំជាមួយសំណង់អគារខ្ពស់ៗ សម័យទំនើបដែលរីកដូចផ្សិត និងផ្សារទំនើបដ៏ស៊ីវិល័ស បានធ្វើឱ្យប្រទេសកម្ពុជា កាន់តែមានភាពទាក់ទា​ញយ៉ាងខ្លាំង ហើយជាប់ឈ្មោះក្នុងចំណោមបណ្ដាប្រទេស ដែលរីកចម្រើនលឿនបំផុតនៅក្នុងតំបន់។

ក្នុងទស្សវត្សរ៍ចុងក្រោយនេះ ក្រុមហ៊ុនបរទេសកាន់តែច្រើនឡើងៗ បានចាប់ផ្តើមបើកដំណើរវិនិយោគ នៅក្នុងប្រទេសកម្ពុជា ដោយសារភាពទាក់ទាញ នៃតំបន់សេដ្ឋកិច្ចពិសេស (SEZ) ដែលត្រូវបានបង្កើតឡើង ដើម្បីទាក់ទាញការវិនិយោគ ផ្នែកផលិតកម្មដែលផ្តោតលើការនាំចេញ ហើយរាជរដ្ឋាភិបាលកម្ពុជា រំពឹងថា វិនិយោគិនបរទេសកាន់តែច្រើន នឹងចំណាយទុនវិនិយោគនៅកម្ពុជា ដោយសារសក្ដានុពលនៃទីផ្សារ ដែលកំពុងរីកចម្រើនរបស់កម្ពុជា។

តួយ៉ាង ក្រុមហ៊ុន Hong Lai Huat Group ដែលចុះបញ្ជីនៅប្រទេសសិង្ហបុរី បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីចាប់ផ្ដើមគម្រោងអភិវឌ្ឍន៍ខុនដូទំនើបចម្រុះ Royal Platinum នៅក្នុងខណ្ឌទួលគោល រាជធានីភ្នំពេញ។

លោក Ryan Ong នាយកប្រតិបត្តិក្រុមហ៊ុន Hong Lai Huat Group មានប្រសាសន៍ថា “ក្រៅដីធ្លីក្នុងរាជធានីភ្នំពេញ ហក់ឡើងថ្លៃ ប្រជាជនដែលមានកម្រិតជីវភាពមធ្យម ក៏បានក្លាយជាកម្លាំងជំរុញកំណើនតម្រូវការ សម្រាប់ទីផ្សារអចលនទ្រព្យផងដែរ ដោយនាំមកនូវកំណើនជាលំដាប់ សម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា”។

នៅក្នុងពិធីសម្ពោធដាក់លក់ គម្រោងអភិវឌ្ឍន៍នេះកាលពីថ្ងៃទី២៦ ខែមីនា លោក Ryan Ong បានថ្លែងថា ក្រុមហ៊ុនទាំងពីរបានរួមបញ្ចូលគ្នានូវបទពិសោធន៍ យ៉ាងទូលំទូលាយរបស់ខ្លួន ក្នុងវិស័យសំ​ណង់ អចលនទ្រព្យ និងការអភិវឌ្ឍអចលនទ្រព្យ ដើម្បីសន្យាផ្ដល់នូវសំណង់លំនៅដ្ឋាន ដែលមានគុណភាពខ្ពស់នៅក្នុងរាជធានីភ្នំពេញ។

លោកគូសបញ្ជាក់ថា “យើងប្តេជ្ញាផ្តល់នូវលំនៅដ្ឋាន ដែលមានបរិយាកាសរស់នៅបែបព្រីមៀម គួបផ្សំជាមួយនឹងផ្លូវដើរទិញអីវ៉ាន់ក្នុងអគារពិសេសគ្មានពីរ និងជាន់សម្រាប់កន្លែងកម្សាន្ត”។ លោកបន្តថា “យើងជឿជាក់ថា គម្រោងRoyal Platinum នឹងផ្តល់អត្ថប្រយោ​ជន៍យ៉ាងច្រើនដល់អ្នកទិញរបស់យើង និងបង្កើតចំណុចគោលសម្រាប់ការអភិវឌ្ឍនៅក្នុងខណ្ឌទួលគោក”។

យោងតាមគេហទំព័រក្នុងស្រុកមួយឱ្យដឹងថា គម្រោងអាគាខុនដូកម្ពស់២៨ជាន់នេះ នឹងត្រូវសាងសង់លើផ្ទៃដី១០ម៉ឺនម៉ែត្រការ៉េ ដោយរំពឹងថា នឹងត្រូវបញ្ចប់ការសាងសង់ ក្នុងរយៈពេល២ឆ្នាំកន្លះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here