ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុន CBRE Cambodia បានប្រកាសពីការចាប់ផ្តើមបង្ហាញ ពីទស្សនវិស័យទីផ្សារនៅត្រីមាសទី១ ដែលផ្តល់នូវការធ្វើបច្ចុប្បន្នភាពសំខាន់ៗ លើអចលនទ្រព្យផ្នែកពាណិជ្ជកម្ម នៅរាជធានីភ្នំពេញ។
អចលនទ្រព្យបែបបដិសណ្ឋារកិច្ច
ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា បានស្ទុះងើបឡើងវិញដល់២,៣លាននាក់ក្នុងឆ្នាំ២០២២ ដែលស្មើនឹង៣៥% នៃចំនួនភ្ញៀវទេសចរណ៍មុនឆ្នាំ២០១៩។
នៅឆ្នាំ២០២៣នេះ យោងតាមការព្យាករណ៍បានឱ្យដឹងថា ចំនួននេះ នឹងកើនឡើងទ្វេរដងរហូតដល់៤លាននាក់ ដោយសារព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។
លើសពីព្រឹត្តិការណ៍អន្តរជាតិទាំងនេះ រដ្ឋាភិបាលកម្ពុជាផ្តោតលើសកម្មភាពកីឡា ដើម្បីជំរុញទេសចរណ៍ក្នុងស្រុក ក្នុងខេត្តសំខាន់ៗ រួមមានការប្រណាំងកង់ និងការរត់ម៉ារ៉ាតុងផងដែរ។
ទាក់ទងនឹងការផ្គត់ផ្គង់សណ្ឋាគារ ៣ខែដំបូងនៃឆ្នាំ២០២៣នេះ យើងឃើញមានការកើនឡើង នូវសកម្មភាពនៃការសាងសង់បញ្ចប់សណ្ឋាគារថ្មីៗនៅក្នុងរាជធានីភ្នំពេញ។ យើងឃើញមានការបញ្ចប់គួរឱ្យកត់សម្គាល់ថ្មីចំនួន៤ ដែលសណ្ឋាគារទាំងអស់នោះ ស្ថិតនៅក្នុងចំណាត់ថ្នាក់ផ្កាយ៤ រួមទាំងម៉ាកអន្តរជាតិដូចជា Fairfield Fraser និង Accor’s Ibis ។
ចំណែក អត្រាបន្ទប់ និងអត្រាស្នាក់នៅបានងើបឡើងវិញជាបណ្តើរៗ ជាមួយនឹងការត្រឡប់មកវិញ របស់អ្នកដំណើរអន្តរជាតិ បើទោះបីជាមានល្បឿនយឺតក៏ដោយ។
អាគារការិយាល័យ
ការផ្គត់ផ្គង់ការិយាល័យថ្មីត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងនៅឆ្នាំនេះ ជាមួយនឹងការបន្ថែមទំហំការិយាល័យ ចំនួន២០៣.០០០ម៉ែត្រការ៉េ ដែលនឹងបញ្ចប់នៅចុងឆ្នាំនេះ ដែលជំរុញការផ្គត់ផ្គង់សរុបចំនួន២១% ដល់ជាង១.១៥០.០០០ម៉ែត្រការ៉េ។
នៅក្នុងត្រីមាសទីមួយ ការិយាល័យប្រមាណ៦១.០០០ម៉ែត្រការ៉េនៃចំនួននេះ ត្រូវបានបន្ថែមទៅការផ្គត់ផ្គង់ ដែលមានស្រាប់ ជាមួយនឹងការសាងសង់បញ្ចប់អគារការិយាល័យចំនួន៤។
លោក Daluch Chin អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកវាយតម្លៃ និងប្រឹក្សារបស់ក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា “ខណៈទីផ្សារការិយាល័យបច្ចុប្បន្ន មិនទាន់បង្ហាញសញ្ញានៃការងើបឡើងវិញ ដល់កម្រិតមុនការរាតត្បាត”។លោកបន្តថា “ទីផ្សារនេះនឹងបន្តអនុគ្រោះដល់អ្នកជួល បង្កើតឱកាសជាច្រើន ដើម្បីផ្លាស់ប្តូរទីតាំងទៅកាន់ការិយាល័យ ដែលមានគុណភាពខ្ពស់ជាងមុន នៅទីតាំងកណ្តាល ជាមួយនឹងតម្លៃប្រកួតប្រជែង និងអត្ថប្រយោជន៍មិនមែនហិរញ្ញវត្ថុផ្សេងទៀតពីម្ចាស់”។
ហាងលក់រាយ
បន្ទាប់ពីការដាក់ឱ្យដំណើរការថ្មីជាបន្តបន្ទាប់ និងការបញ្ចប់គម្រោងលក់រាយជាច្រើននៅឆ្នាំ២០២២ និងឆ្នាំ២០២១ ប៉ុន្តែឆ្នាំ២០២៣នេះ យើងបានមើលឃើញការបញ្ចប់ គម្រោងថ្មីតែមួយគត់គឺ Prince International Plaza ហើយមិនមានការបើកដំណើរការថ្មីទេ។
ទោះជាយ៉ាងណាក៏ដោយ ការផ្គត់ផ្គង់លក់រាយថ្មីត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀតប្រហែល១៨% ដោយគម្រោងលក់រាយទំហំជាង១១៩.០០០ម៉ែត្រការ៉េ ដែលនៅសល់នឹងត្រូវសាងសង់បញ្ចប់នៅចុងឆ្នាំនេះ។
តំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញ គឺជាចំណុចក្តៅសម្រាប់គម្រោងលក់រាយថ្មី ជាមួយនឹងគម្រោងថ្មីចំនួន៥ ដែលទើបនឹងបញ្ចប់ និងគម្រោងចំនួន៨ នាពេលខាងមុខ ដែលបន្ថែមរហូតដល់ជិត៣០%នៃការផ្គត់ផ្គង់លក់រាយសរុបនៅក្នុងទីក្រុង។
លោក Daluch Chin អ្នកគ្រប់គ្រងជាន់ខ្ពស់ វាយតម្លៃ និងប្រឹក្សានៃក្រុមហ៊ុន CBRE Cambodia មានប្រសាសន៍ថា “ការធ្លាក់ចុះនៃការផ្គត់ផ្គង់លក់រាយថ្មី ក្នុងត្រីមាសនេះគឺជាសញ្ញាល្អមួយ ដើម្បីអនុញ្ញាតឱ្យទីផ្សារធូរស្រាលមួយរយៈ”។ លោកបន្ថែមថា “ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការផ្គត់ផ្គង់ ដែលរំពឹងទុកនៅចុងឆ្នាំនេះ រួមជាមួយនឹងអត្រាអតិផរណាខ្ពស់ យើងនៅតែព្យាករណ៍ពីអត្រាកាន់កាប់ និងអត្រាជួលនឹងបន្តជួបប្រទះ សម្ពាធធ្លាក់ចុះក្នុងរយៈពេលដែលនៅសល់នៃឆ្នាំនេះ”៕