ជនបរទេសបង្ខំចិត្តនាំគ្នាចាកចេញពីសិង្ហបុរី ខណៈថ្លៃឈ្នួល ផ្ទះហក់ឡើងកប់ពពក

0

ដោយៈ សុខុម
សិង្ហបុរី: បុរសជនជាតិអូស្ត្រាលី ឈ្មោះBen Dunn និងក្រុមគ្រួសាររបស់គាត់ បានចាត់ទុកខ្លួនឯងជាពលរដ្ឋសិង្ហបុរី ទៅហើយ ព្រោះគាត់បានរស់នៅ ក្នុងប្រទេសនេះ អស់រយៈពេលយ៉ាងតិច១៦ឆ្នាំ ហើយកូនៗរបស់គាត់ពីរនាក់ ដែលម្នាក់អាយុ១០ឆ្នាំ និងម្នាក់ទៀតអាយុ១៣ឆ្នាំសុទ្ធតែបានកើតនៅទីនេះ។

ប៉ុន្តែបន្ទាប់ពីមើលឃើញថ្លៃឈ្នួលខុនដូ ដែលគ្រួសាររបស់គាត់ជួលសម្រាប់រស់នៅ បានហក់ឡើងថ្លៃពី៥.២៤២ដុល្លារអាមេរិក រហូតដល់៨.២៣៨ដុល្លារអាមេរិក ក្នុងមួយខែ លោក Ben Dunn និងប្រពន្ធរបស់គាត់ បានធ្វើការសម្រេចចិត្តដ៏ពិបាក ក្នុងការវិលត្រលប់មកប្រទេសអូស្ត្រាលីវិញ នៅពេលកិច្ចសន្យាជួលខុនដូរបស់ពួកគាត់ផុតកំណត់នៅខែមិថុនា។


លោក Ben Dunn វ័យ៥១ឆ្នាំដែលធ្វើការផ្នែកហិរញ្ញវត្ថុបានប្រាប់សារព័ត៌មាន Aljazeera កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ថា “ចាប់តាំងពីផ្ទុះវិបត្តិកូវីដ-១៩ មក យើងបានគិតរកពេលវេលាសមស្រប ដើម្បីវិលត្រលប់ទៅផ្ទះវិញ បន្ទាប់ពីឃ្លាតឆ្ងាយអស់រយៈពេលយ៉ាងយូរ”។

គាត់និយាយទៀតថា “យើងស្រលាញ់ការរស់នៅក្នុងប្រទេសសង្ហបុរី ប៉ុន្តែដោយសារថ្លៃចំណាយជីវភាព ចេះតែហក់ឡើងខ្ពស់ ហើយថ្លៃឈ្នួលកម្លាំងពលកម្ម មិនឡើងឱ្យសមាមាត្រនឹងគ្នា ការឡើងថ្លៃឈ្នួលផ្ទះនេះនឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ”។

យោងតាមទិន្នន័យពីអាជ្ញាធរអភិវឌ្ឍន៍ក្រុង (URA) នៃប្រទេសសង្ហបុរី បង្ហាញថា ថ្លៃឈ្នួលផ្ទះជាមធ្យមក្នុងប្រទេសនេះ ដែលប្រមាណ៤០% នៃចំនួនប្រជាជនសរុបជាជនបរទេសនោះ បានហក់ឡើង៣០%ក្នុងឆ្នាំ២០២២ ដែលជាល្បឿនលឿនបំផុតមិនធ្លាប់មាន ក្នុង រយៈពេល១៥ឆ្នាំមកនេះ។

ការហក់ឡើងថ្លៃនេះ គឺដោយសារតែកត្តារួមផ្សំជាច្រើន រួមមានទាំងកង្វះ នៃការផ្គត់ផ្គង់លំនៅដ្ឋាន ដោយសារការពន្យារពេលសាងសង់ដែលបង្កឡើងដោយវិបត្តិកូវីដ-១៩ និងតម្រូវការខ្ពស់ពីបណ្ដាលក្រុមហ៊ុន និងអ្នកមានទេពកោសល្យ ដែលចង់រើមកកាន់ប្រទេសនេះជាដើម។ ទាំងអស់នេះមានមួយអន្លើ ដោយសារប្រទេសចិន ធ្វើការបង្ក្រាបលើឧស្សាកម្មឯកជន និងក្រុងហុងកុង។

សហគមន៍ធុរកិច្ចអន្តរជាតិ និងក្នុងស្រុកនៃប្រទេសសិង្ហបុរី ក៏បានសម្ដែងការពារបារម្ភផងដែរ ចំពោះការហក់ឡើងខ្ពស់នូវថ្លៃឈ្នួលផ្ទះ និងការិយាល័យ៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here