ដំណឹងល្អៈក្រុមហ៊ុនចិន​នឹងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត

0

​ដោយគង់ សូរិយា
​ភ្នំពេញ៖​ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ នៃប្រទេសចិនបានប្រកាសវិនិយោគសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត នៃខេត្តស្វាយរៀងនាពេលខាងមុខនេះ ខណៈក្រុមហ៊ុននេះ ក៏ទទួលគំរោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុនាពេលឆាប់ៗ​នេះផងដែរ។

ក្នុងជំនួបជាមួយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន តំណាក្រុមហ៊ុនវិនិយោគ សាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation CRBC)បានមានប្រសាសន៍ជំ​រាបជូនសម្តេចនាព្រឹកថ្ងៃទី២១ មករាកន្លងមកថា ក្រុមហ៊ុនមានគម្រោងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា វៀតណាមបាវិត ការស្ថាបនាផ្លូវលេខ១៥-៥១ ដែលតភ្ជាប់ខេត្តកោះ​កុង ពោធិសាត់ និងខេត្តបាត់ដំបងផងដែរ។

ជាមួយគ្នានេះតំណាងក្រុមហ៊ុន China Road and Bridge Corporation CRBC បានរាយការណ៍ជូនសម្តេចនាយករដ្ឋមន្រ្តី អំពីបច្ចុប្បន្នភាពនៃគម្រោងវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា និងផែនការសម្រាប់អនុវត្តន៍នៅពេលខាងមុខ ដែលកន្លងមកក្រុមហ៊ុនវិនិយោគសាជីវកម្មស្ពាន និងថ្នល់ចិន បានរួមចំណែកសាងសង់ផ្លូវ និងស្ពាន ជាច្រើនក្នុងប្រទេសកម្ពុជា ហើយសម្រាប់ពេលខាងមុខ ក្រុមហ៊ុននិងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដែលគ្រោងនឹងបើកការ​ដ្ឋានសាងសង់ក្នុងពេលដ៏ខ្លីខាងមុខ។

ក្រុងបាវិតត្រូវបានរដ្ឋាភិបាលដាក់បញ្ចូល ក្នុងផែនការអភិវឌ្ឍន៍ឧស្សាហកម្ម នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដែលបច្ចុប្បន្នទីក្រុងនេះបានទាក់ទាញការវិនិយោគយ៉ាងច្រើន ដោយបច្ចុប្ប​ន្នមានតំបន់សេដ្ឋកិច្ចពិសេសប្រមាណ១០ទីតាំង មានទីក្រុងរណបចំនួនពីរ គឺទីក្រុងរណបEmpire World ដែលបាននិងកំពុងសាងសង់យ៉ាងសកម្ម និងទីក្រុងរណបហេង ហេង។


​បច្ចុប្បន្នទីក្រុងបាវិតកំពុងទាក់ទាញ ការវិនិយោគពីអ្នកវិនិយោគអន្តរជាតិ ពិសេសអ្នកវិនិយោគរបស់ចិន។

​អ្នកជំនាញអចលនទ្រព្យអន្តរជាតិ និងជាអនុប្រធានសមាគមអ្នកជំនាញអចលន​ទ្រព្យកម្ពុជា លោកសោម កែវម៉ាលីដា ហៅAndyបានមានប្រសាសន៍ឲ្យដឹងថា ទីក្រុងបាវិតបច្ចុប្បន្នមានស្ថានភាពដូចគ្នា នឹងទីក្រុងព្រះសីហនុកាលពី២ទៅ៣ឆ្នាំមុន ដែលកំពុងទទួលបានការចាប់អារម្មណ៍ និងទាក់ទាញការវិនិយោគពីអ្នកវិនិយោគក្នុងស្រុកបណ្តើរៗ ហើយតម្លៃដីធ្លីក៏នៅមានភាពសមរម្យអាចវិនិយោគបាន ប៉ុន្តែរយៈពេលពីរទៅ៣ឆ្នាំខាងមុខ តម្លៃដីធ្លីនៅក្រុងបាវិតនឹងកើនឡើងខ្ពស់ដូចនៅក្រុងព្រះសីហនុ និងក្រុងប៉ោយប៉ែត​នាពេលបច្ចុប្បន្ននេះ។

​លោកបន្តថា “តាមរយៈការវិនិយោគរបស់Empire World ដែលគ្រោងវិនិយោគលើក្រុងរណប១១៥០ហិកតា នឹងធ្វើឲ្យទីក្រុងនេះទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិចូលទៅវិនិយោគនិងរស់នៅប្រមាណ២៥ ទៅ៣០ម៉ឺននាក់នៅ​ឆ្នាំ២០២៥ខាងមុខនេះ”។

លោកបន្តថា “ទីក្រុងបាវិតមានលក្ខខ័ណ្ឌភូមិសាស្រ្តអំណោយផលដ៏ល្អមួយ ដោយសារ​វាស្ថិតនៅចំណុចកណ្តាលរវាងក្រុងភ្នំពេញ និងក្រុងហូជីម៉ិញប្រទេសវៀតណាម ស្ថិតនៅជាប់ជាមួយនឹងគំរោងផ្លូវខ្សែក្រវ៉ាត់១ ផ្លូវ១របស់ចិន និងជាទីក្រុងស្ថិតក្រោមផែនការអភិវឌ្ឈន៍របស់រដ្ឋាភិបាលជាទីក្រុងពិសេស”។

លោកសោមកែវ ម៉ាលីដាបានបន្តថា ជាមួយនឹងផែនការអភិវឌ្ឍន៍ជាក់លាក់ រដ្ឋាភិ​បាលបាន និងកំពុងរៀបចំប្លង់គោលអភិវឌ្ឍន៍ទីក្រុងនេះហើយ ដោយមានការបែងចែកផែនការប្រើប្រាស់ដីច្បាស់លាស់ តំបន់ណាជាតំបន់ឧស្សាហកម្ម តំបន់ណាត្រូវរៀបចំជាតំបន់កសិកម្ម លំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម សួនសាធារណៈ និងតំបន់សេដ្ឋកិច្ច ពិសេសជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here