ដោយ: គង់ លាងហួរ
អន្តរជាតិ: នាពេលថ្មីៗនេះ រដ្ឋាភិបាលអូស្រ្តាលីទើបតែបានអនុម័តគម្រោងសាងសង់អគារកម្ពស់៣៦៦ម៉ែត្រ មានតម្លៃ២ពាន់លានដុល្លារ ដែលអគារថ្មីនេះនឹងបំបែកកំណត់ត្រាក្លាយជាអគារខ្ពស់បំផុតនៅក្នុងប្រទេសរបស់ខ្លួន។
នេះបើយោងតាមការចុះផ្សាយឱ្យដឹងរបស់សារព័ត៌មានដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស The Guardian កាលពីពេលថ្មីៗកន្លងទៅនេះ។
គម្រោងនេះមានឈ្មោះថា STH BNK by Beulah ជាប្រភេទអគារភ្លោះ ដែលអគារមួយក្នុងចំណោមអគារទាំងពីរមានកម្ពស់ ៣៦៦ម៉ែត្រ ហើយវានឹងវ៉ាដាច់អគារខ្ពស់បំផុតនៅក្នុងប្រទេសអូស្ត្រាលីនាពេលបច្ចុប្បន្ន គឺអគារ Q1 Building ដែលមានកម្ពស់ត្រឹមតែ៣២២,៥ម៉ែត្រ។ ចំណែកអគារមួយទៀតមានកម្ពស់ត្រឹមតែ ២៨៨ម៉ែត្រប៉ុណ្ណោះ។
គម្រោងនេះប្រមូលផ្តុំដោយអគារលំនៅដ្ឋាន អាផាតមុិន ការិយាល័យ សណ្ឋាគារប្រណីតចំនួន៣០២បន្ទប់ បន្ទប់ប្រជុំ និងមជ្ឈមណ្ឌលកំសាន្ត រួមទាំងបរិវេណសុខភាព និងតំបន់បៃតងរហូតដល់៦.០០០ម៉ែត្រការ៉េ ព្រមទាំងមានសួនច្បារបៃតងលើដំបូលអគារនៅជាន់ទី១០២ផងដែរ។
STH BNK By Beulah គឺជាគម្រោងនៃមាត្រដ្ឋាន ដែលមិនធ្លាប់មានពីមុនមកសម្រាប់ទីក្រុង Melbourne ដោយបានគូររួមគ្នានូវរូបរាងឈានមុខគេក្នុងការរចនាឌីហ្សាញអន្តរជាតិ។
គម្រោងនេះត្រូវបានអភិវឌ្ឍសាងសង់ឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍ Beulah ដែលនឹងត្រូវចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ និងត្រូវចំណាយពេល៥ឆ្នាំសម្រាប់ការងារសាងសង់៕