ដោយ: គង់ លាងហួរ
សិង្ហបុរី: ជនបរទេសដែលទិញអចលនទ្រព្យលំនៅដ្ឋានណាមួយក្នុងប្រទេសសិង្ហបុរីចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសានេះ នឹងត្រូវបង់ពន្ធប្រថាប់ត្រា (ABSD) របស់អ្នកទិញផ្ទះបន្ថែមចំនួន៦០ភាគរយ ពោលគឺកើនឡើងទ្វេរដងពី៣០ភាគរយ។
នេះគឺជាការកើនឡើងខ្លាំងបំផុតក្នុងចំណោមវិធានការត្រជាក់ដែលរដ្ឋាភិបាលបានប្រកាសកាលពីយប់ថ្ងៃពុធម្សិលមិញនេះ។
ចំណែក ពលរដ្ឋសិង្ហបុរីដែលទិញអចលនទ្រព្យលំនៅដ្ឋានទី២របស់ពួកគេ នឹងត្រូវបង់អត្រា ABSD ចំនួន២០ភាគរយ កើនឡើងពី១៧ភាគរយ ខណៈអ្នកដែលទិញអចលនទ្រព្យលំនៅដ្ឋានទី៣ និងបន្ទាប់របស់ពួកគេនឹងត្រូវបង់អត្រាពន្ធរហូតដល់៣០ភាគរយ កើនឡើងពី២៥ភាគរយ។
ការយកអត្រាពន្ធ៣០ភាគរយក៏អនុវត្តចំពោះអ្នករស់នៅអចិន្ត្រៃយ៍ដែលទិញអចលនទ្រព្យលំនៅដ្ឋានទី២របស់ពួកគេផងដែរ។ នេះគឺជាវិធានការត្រជាក់ជុំទី៣ហើយរបស់រដ្ឋាភិបាលសិង្ហបុរី គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២១។
យោងតាមក្រសួងហិរញ្ញវត្ថុ (MOF) ក្រសួងអភិវឌ្ឍន៍ជាតិ (MND) និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីយប់ថ្ងៃពុធថា “ការបង្កើនអត្រា ABSD គឺដើម្បីលើកកម្ពស់ទីផ្សារអចលនទ្រព្យប្រកបដោយនិរន្តរភាព និងផ្តល់អាទិភាពដល់លំនៅដ្ឋានសម្រាប់ម្ចាស់កម្មសិទ្ធិ”។
ពួកគេបានកត់សម្គាល់ថា វិធានការពីមុនក្នុងខែធ្នូ ឆ្នាំ២០២១ និងខែកញ្ញា ឆ្នាំ២០២២ មានឥទ្ធិពលមធ្យមប៉ុណ្ណោះ។ ប៉ុន្តែ តម្លៃអចលនទ្រព្យនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ បានបង្ហាញពីសញ្ញាកើតថ្មីនៃការកើនឡើង ចំពេលតម្រូវការនៅមានភាពធន់៕