អគារជាប់គាំងនៅខេត្តព្រះសីហនុជាង១០០អគារបានចាប់ផ្ដើមដំណើរការសាងសង់ឡើងវិញហើយ

0

ដោយៈ វឌ្ឍនៈ

ព្រះសីហនុៈ អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់តាំងពីឆ្នាំ២០១៩នោះ បានចាប់ផ្ដើមដំណើរការសាងសង់ ឡើងវិញជាបន្តបន្ទាប់ ហើយរហូតមកដល់ពេលនេះ អគារជាប់គាំងទាំងជាង១០០០ មាន១០០អគារហើយ បានចាប់ផ្ដើមសាងសង់ឡើងវិញ។

អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានមានប្រសាសន៍ឲ្យដឹងក្នុងសប្តាហ៍នេះថា អគារខ្ពស់ៗ នៅក្នុងខេត្តព្រះសីហនុ មានចំនួន១០០៦អគារ ក្នុងនោះមាន៤០០អគារបានបញ្ចប់ និងមានប្រតិបត្តិការ ហើយ២០០អគារបានសាងសង់បញ្ចប់ដូចគ្នា តែមិនមានប្រតិបត្តិការ។

ដោយឡែក២០០អគារផ្សេងទៀត បានផ្អាកដំណើរការ ប៉ុន្តែក្នុងចំណោម២០០អគារ ដែលផ្អាកដំណើរការនោះ មានជាង១០០អគារហើយបានចាប់ផ្ដើមដំណើរការឡើងវិញ ។

លោកគួច ចំរើនបានបន្តថា ដើម្បីជំរុញឱ្យអគារជាប់គាំងទាំងនោះមានប្រតិបត្តិការ និងដំណើរការសាងសង់ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារមួយ ស្រាវជ្រាវនិងសិក្សាពីគម្រោងអគារជាប់គាំងទាំងនោះ ហើយក៏បានស្នើសុំទៅសម្ដេចតេជោ ផ្ដល់នូវភាពអនុគ្រោះកិច្ចការមួយចំនួនដើម្បីគាំទ្រទៅ បណ្ដាសំណង់អគារជាប់គាំងទាំងអស់ ដើម្បីឱ្យពួកគាត់មានលទ្ធភាព បន្តការវិនិយោគលើអគារទាំងនោះ។

លោកបន្តថា ”គោលនយោបាយ នៃការអនុគ្រោះទាំងអស់ភាគច្រើនទៅលើផ្នែកពន្ធ និងផ្ដល់ជូនទៅតាមផ្នែកនិមួយៗ ដោយផ្នែកខ្លះមាន៥ឆ្នាំ ផ្នែកទៀតមាន១០ឆ្នាំ”។

លោកបន្តទៀតថា ផ្នែកផ្សេងទៀតនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលនោះ គឺការសម្របសម្រួល និងគាំទ្រផ្នែកច្បាប់  ហើយរាជរដ្ឋាភិបាល ក៏បានលើកទឹកចិត្តឱ្យមាន ការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដោយរដ្ឋាភិបាលបានផ្ដល់ជាមេធាវី និងអ្នកប្រឹក្សាយោបល់ ធ្វើយ៉ាងណាឱ្យវិនិយោគិន លើអគារទាំងនោះចូលមកបញ្ចប់អគាររបស់ខ្លួន ដែលបានជាប់គាំងទាំងនោះ។

លោកគួច ចំរើនបានបន្ថែមថា សំណង់អគារជាប់គាំងទាំងនោះក៏ដោយសារតែមានទំនាស់ រវាងអ្នកសាងសង់ ម្ចាស់អគារ និងម្ចាស់ដី ក៏ដូចជាអ្នកផ្គត់ផ្គង់សម្ភារៈសំណង់ ដូចជាការមិនផ្ដល់ប្រាក់ឈ្នួលដីទៅម្ចាស់ដី មិនបានទូទាត់សម្ភារៈសំណង់ទៅអ្នកផ្គត់ផ្គង់ជាដើម ។

បើតាមលោកសន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នា​ក់ងារអចលនវត្ថុកម្ពុជាក៏បានថ្លែងផងដែរថា យើងជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា សំណង់អគារជាប់គាំងនៅខេត្តព្រះសីហនុ ហើយមិនយូរមិនឆាប់ទេ វិនិយោគិនជាបន្តបន្ទាប់នឹងចូលមកវិនិយោគឡើងវិញ លើអគារជាប់គាំងទាំងនោះ ដែលនឹងជំរុញឱ្យខេត្តព្រះសីហនុកាន់តែមានភាពទាក់ទាញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here