ក្រុមហ៊ុនអលនទ្រព្យលំដាប់យក្សចិន China Evergrande ពន្យារឱសានវាទសម្រាប់ការរៀបចំបំណុលរបស់ខ្លួនឡើងវិញ

0

ដោយៈ សុខុម

ហុងកុង: ក្រុមហ៊ុនចិន China Evergrande Group បានបញ្ជា​ក់កាលពីថ្ងៃព្រហស្បតិ៍ ២៧ ខែមេសា ថា ខ្លួននឹងពន្យារឱសានវាទទទួលយកគ្រឿងលើកទឹកចិត្ត សម្រាប់ការរៀបចំបំណុលរបស់ខ្លួនឡើងវិញដល់ថ្ងៃទី១៨ ខែឧសភា ខណៈក្រុមហ៊ុននេះ បានបង្ហាញពីកម្រិតនៃការគាំទ្រ ពីម្ចាស់បំណុលនៅឯនាយសមុទ្រ សម្រាប់សំណើរបស់ខ្លួន។

ថ្នាក់ដឹកនាំក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុចិន Evergrande បានអះអាងថា ចំនួន​៧៧%នៃម្ចាស់បំណុលកម្រិតA និង៣០%នៃម្ចាស់បំណុលកម្រិតC របស់ខ្លួនបានបង្ហាញការគាំទ្រ សម្រាប់សំណើរៀប​ចំ​បំណុលឡើងវិញនេះ។

ម្ចាស់បំណុលនឹងទទួលបានថ្លៃ ព្រមព្រៀង០,២៥%ដោយផ្អែកលើប្រាក់ដើមដែលនៅសល់ នៃបំណុលរបស់ពួកគេ ប្រសិនបើពួកគេយល់ព្រមគាំទ្រ ការរៀបចំបំណុលឡើងវិញ នៅត្រឹមថ្ងៃព្រហស្បតិ៍ សប្ដាហ៍កន្លងទៅ ជាឱសានវាទដែលក្រុមហ៊ុនពេលនេះ បានសុំពន្យារពេលរហូតដល់ថ្ងៃទី១៨ ខែឧសភា។

ឱសានវាទសម្រាប់ការចុះហត្ថលេខា ទទួលបានគ្រឿងលើកទឹកចិត្តនេះ ជាសញ្ញាដំបូងបង្ហាញពីកម្រិត នៃការគាំទ្ររបស់ម្ចាស់បំណុ​លសម្រាប់ការបោះឆ្នោត លើការរៀបចំឥណទានឡើងវិញ ដែលរំពឹងថានឹងធ្វើឡើងនៅចុងឆ្នាំនេះ។ ការបោះឆ្នោតនេះ ទាមទារឱ្យម្ចាស់បំណុលជាង៧៥% ក្នុងប្រភេទបំណុលនីមួយៗបោះឆ្នោតសម្រេច។

ក្រុមហ៊ុន Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជំពាក់បំណុលគេច្រើនបំផុត របស់ពិភពលោកជាមួយនឹងបំណុ​លសរុបរហូតដល់៣៥០ពាន់លានដុល្លារអាមេរិក បានស្ថិតនៅចំកណ្តាលនៃវិបត្តិបំណុល ក្នុងទីផ្សារអចលនទ្រព្យប្រទេសចិន ដែលបានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ចិន ជាច្រើនខកខានទូទាត់បំណុលតាមពេលកំណត់ជាបន្តបន្ទាប់កាលពីឆ្នាំមុន ហើយស្វះស្វែងរៀបចំបំណុ​លឡើងវិញ។

ទោះជាយ៉ាងណា ខណៈម្ចាស់បំណុលធំៗមួយចំនួន បានព្រមព្រៀងរួចហើយថា គាំទ្រសំណើររៀបចំបំណុលឡើងវិញ ម្ចាស់បំណុ​លផ្សេងៗទៀត ចង់កាត់ផ្ដាច់ទំនាក់ទំនងជាមួយក្រុមហ៊ុន Evergrande ហើយបន្តដំណើរទៅមុខទៀត៕ Reuters៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566  សូមអរគុណ!

LEAVE A REPLY

Please enter your comment!
Please enter your name here