រដ្ឋាភិបាលវិនិយោគសាងសង់កំពង់ផែក្នុងទំហំទឹកប្រាក់ពាន់លានដុល្លារដើម្បីឱ្យកប៉ាល់ដឹកទំនិញមកពីគ្រប់ប្រទេសចូលចតបាន

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាពេលបច្ចុប្បន្ននេះ មានសមត្ថភាពឱ្យនាវា ចូលចតតែ១៨ភាគរយ នៃនាវាលើពិភពលោកប៉ុណ្ណោះ។

ហេតុដូច្នេះហើយ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងពង្រីកសមត្ថភាពកំពង់ផែឱ្យកាន់តែធំ និងមានជំរៅទឹកកាន់តែជ្រៅ ដែលអាចឱ្យនាវាមកពីគ្រប់ប្រទេស ក៏ដូចជា គ្រប់កំពង់ផែចូលចត ដោយមិនចាំបាច់ផ្ទេរទំនិញនៅកំពង់ផែផ្សេងឡើយ។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ ចំណតផែកុងតឺន័រក្រុងព្រះសីហនុកាលពីព្រឹកថ្ងៃទី១ ឧសា ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឆ្នាំ២០២៩បានមានប្រសាសន៍ថា ចំណតកុងតឺន័រថ្មីជំហានទី៣ ប្រវែង៤៣០ម៉ែត្រ ជាមួ​យជំរៅ១៧,៥ម៉ែត្រ នឹងសង់រួចរាល់នាពេលខាងមុខ ហើយពេលនោះ កម្ពុជានឹងដូចគេដូចឯងលើពិភពលោក ដែលមានន័យថានាវាធំៗអាចចូលចតនៅកំពង់ផែក្រុងព្រះសីហនុបាន ។

សម្ដេចតេជោបន្តថា “មុនពេលដែលកំពង់ផែ ក្រុងព្រះសីហនុ ត្រូវបានពង្រីក ជំរៅទឹកមានត្រឹមតែជាង៨ម៉ែត្រប៉ុណ្ណោះ”។ សម្តេចបញ្ជាក់ថា “ក្រោយមកជប៉ុន បានជួយអភិវឌ្ឍន៍កំពង់ផែនេះ ឱ្យមានជំរៅ៩,២ម៉ែត្រ ប៉ុន្តែជំរៅទឹក៩,២ម៉ែត្រនេះ គឺកំពង់ផែមានសមត្ថភាពទទួលនាវាបានតែ១៨ភាគរយប៉ុណ្ណោះ ដូច្នេះតម្លៃដឹកជញ្ជូនត្រូវខាត២០០ដុល្លារក្នុងមួយ TEU”។

សម្ដេចតេជោហ៊ុន សែនបានបន្តថា ឆ្នាំ២០២៤ខាងមុខនេះ ផែកុងតឺន័រប្រវែង ៣៥០ម៉ែត្រដែលយើង បានបើកការដ្ឋាននៅពេលនេះ នឹងរួចរាល់ ហើយកំណើនកុងតឺន័រ មកដល់កំពង់ផែនេះ នឹងកើនឡើងបន្ថែម តែនាវាដែលអាចចូលចតបាន ក៏នៅត្រឹមតែ១៨ភាគរយនៃនាវាលើពិភពលោកដដែល។

សម្តេចបន្ថែមថា ដូច្នេះហើយទើប យើងត្រូវពង្រីកកំពង់ផែទឹកជ្រៅដែលមានជំរៅទឹក ដល់ទៅ១៤,៥ម៉ែត្រ ដែលអាចឱ្យនាវាចូលចតបាន៩៣ភាគរយ នៃនាវាលើពិភពលោកនៅឆ្នាំ២០២៦ ។

សម្ដេចតេជោបន្ថែមថា រហូតដល់ឆ្នាំ២០២៨ កំពង់ផែកុងតឺន័រជំហានទី២ ប្រវែង៤០០ម៉ែត្រ និងជំរៅទឹក១៦,៥ម៉ែត្រ នឹងសាងសង់រួចរាល់ ហើយនាវាដែលមកពីកំពង់ផែ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងអាចចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទាំងអស់ ។ ឆ្នាំ ២០២៩ កំពង់ផែកុងតឺន័រថ្មីជំហានទី៣ ប្រវែង៤៣០ម៉ែត្រ ជាមួយជំរៅទឹក១៧,៥ម៉ែត្រនឹងរួចរាល់ ដែលអាចឱ្យនាវាមកពីកំពង់ផែលើពិភពលោកចូលចតបានទាំងអស់ ហើយពេលនោះកម្ពុជាដូចគេដូចឯងលើពិភពលោកតែម្ដង ។

បើតាមលោកលូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានលើកឡើងផងដែរថា ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី តែសកម្មភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅតែមានភាពមមាញឹក ដោយទទួលបាននាវាមកពីខាងក្រៅ ខណៈការនាំចេញនាំចូលនៅតែបន្តដដែល៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566  សូមអរគុណ!

LEAVE A REPLY

Please enter your comment!
Please enter your name here