ដោយ: គង់ លាងហួរ
ប៉េកាំង: យោងតាមអ្នកវិភាគបានឱ្យដឹងថា ទីក្រុងប៉េកាំងអាចនឹងបន្តដាក់ចេញវិធានការលើកទឹកចិត្ត ដើម្បីគាំទ្រដល់វិស័យអចល នទ្រព្យរបស់ប្រទេសចិន ខណៈដែលការលក់ផ្ទះនៅខែមេសា មើលទៅមានការធ្លាក់ចុះយ៉ាងឆាប់រហ័ស។
លោក Raymond Cheng នាយកគ្រប់គ្រងក្រុមហ៊ុន CGS-CIMB Securities ដោយដកស្រង់ទិន្នន័យពី CRIC ដែលជាឈ្មួញកណ្តាលអចលនវត្ថុដ៏ធំ នៅក្នុងប្រទេសចិនបានមានប្រសាសន៍ថា ការលក់បឋមនៅក្នុងខែមេសា សម្រាប់អ្នកអភិវឌ្ឍន៍សំខាន់ៗរបស់ប្រទេ សចិន មើលទៅមិនល្អខ្លាំងហើយក៏មិនអាក្រក់ខ្លាំងដែរ។លោកបានបន្តថា “ខណៈវិស័យអចលនទ្រព្យ គឺជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចចិន យើងជឿជាក់ថា រដ្ឋាភិបាលននឹងចាត់វិធានការគាំទ្របន្ថែមទៀត ប្រសិនបើការលក់សម្រាប់វិស័យនេះ នៅតែបន្តធ្លាក់ចុះ”។
CRIC ព្យាករណ៍ថា ការលក់ផ្ទះនៅខែមេសា របស់ក្រុមហ៊ុនអភិវឌ្ឍចុះបញ្ជីធំៗចំនួន២៥ នឹងធ្លាក់ចុះជាមធ្យម១៧ភាគរយ ធៀបនឹងខែមីនា។
យោងតាមទិន្នន័យ ដែលចងក្រងដោយក្រុមហ៊ុម CGS-CIMB Securities បានឱ្យដឹងថា ក្រុមហ៊ុន Guangzhou R&F Properties មើលទៅនឹងជួបការធ្លាក់ចុះ៤៦ភាគរយ នៃការលក់ដល់២,១១ពាន់លានយ័ន ដែលជាការធ្លាក់ចុះដ៏ខ្លាំងបំផុត ក្នុងចំណោមក្រុមហ៊ុនសាងសង់ផ្ទះជាច្រើន។
លោក Cheng បានវាយតម្លៃថា នេះបណ្តាលមកពីទំនុកចិត្តរបស់អ្នកទិញផ្ទះចុះខ្សោយ ដែលជាលទ្ធផលនៃសេដ្ឋកិច្ចជាប់គាំង និងការកើនឡើងនៃអត្រា គ្មានការងារធ្វើនៅក្នុងប្រទេសចិន ក៏ដូចជាមូលដ្ឋានខ្ពស់នៅក្នុងខែមីនាផងដែរ។
ឧស្សាហកម្មអចលនទ្រព្យរបស់ប្រទេសចិន ដែលគ្របដណ្តប់ប្រហែល១/៤ នៃសេដ្ឋកិច្ចរបស់ប្រទេសនេះ បាននិងកំពុងងើបឡើងវិញ បន្ទាប់ពីទីក្រុងប៉េកាំង បានចាត់វិធានការមួយចំនួន ដើម្បីជួយសង្គ្រោះវិស័យនេះ។
វិធានការទាំងនេះរួមបញ្ចូល ការលុបចោលការរឹតបន្តឹងលើការទិញផ្ទះនៅក្នុងទីក្រុងមួយចំនួន កាត់បន្ថយអត្រាកម្ចីទិញផ្ទះ និងជួយសម្រួលដល់ការទទួលបានមូលនិធិ ដើម្បីសម្រួលវិបត្តិសាច់ប្រាក់របស់អ្នកអភិវឌ្ឍន៍៕