ក្រុមហ៊ុនដ៏ធំរបស់ចិន CHEC ទទួលបានកិច្ចសន្យាសាងសង់កំពង់ផែតម្លៃ១,៥ពាន់លានដុល្លារនៅកម្ពុជា

0

ដោយៈ សុខុម

ភ្នំពេញ: ក្រុមហ៊ុនចិន China Harbour Engineering Company Ltd. (CHEC) នៅថ្ងៃសុក្រ ទី៥ ខែឧសភា នេះទទួលបានកិច្ចសន្យាពីក្រុមហ៊ុនមួយរបស់កម្ពុជា ដើម្បីសាងសង់កំពង់ផែសមុទ្រពហុបំណង នៅខេត្តកំពត នាភាគនិរតីនៃប្រទេសកម្ពុជា។កិច្ចសន្យានេះ ត្រូវបានចុះហត្ថលេខានៅកម្ពុជា រវាងលោកស្រី Lan Qiuli នាយកគ្រប់គ្រងក្រុមហ៊ុន CHEC-Cambodia និងលោក មាស ធំ (Meas Thom) ប្រធានក្រុមហ៊ុន Kampot Logistics and Port Company ក្រោមវត្តមានរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្ដុភារកម្ម និងកំពង់ផែពហុបំណ​ងលើផ្ទៃដី៦០០ហិកតា នៅក្នុងខេត្តកំពត នេះបានចាប់ផ្តើមក្នុងខែឧសភា ឆ្នាំ២០២២ ដោយមានក្រុមហ៊ុន Shanghai Construction Group និងក្រុមហ៊ុន China Road and Bridge Corporation ដែលក៏ជាក្រុមហ៊ុនម៉ៅការផងដែរ។លោក ចាន់ថុល មានប្រសាសន៍ថា គម្រោងរយៈពេល១៥ឆ្នាំនេះ ត្រូវបានប៉ាន់ប្រមាណថា នឹងចំណាយអស់១,៥ពាន់លានដុល្លារ ហើយការសាងសង់ ត្រូវបានបែងចែកជា៣ដំណាក់កាល។

លោកបានបញ្ជាក់ថា ដំណាក់កាលទី១ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ត្រូវបានគេរំពឹងថានឹងចំណាយទុន វិនិយោគអស់២០០លានដុល្លារ។

កំពង់ផែទឹកជ្រៅជម្រៅ១៥ម៉ែត្រនេះ នឹងមានសមត្ថភាពផ្ទុកនាវា ដែលមានទម្ងន់រហូតដល់១០០.០០០តោន។

លោក ស៊ុន ចាន់ថុល មានប្រសាន៍ថា “គម្រោងដ៏ធំសម្បើមនេះរួមមានចំណតកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឈមណ្ឌលភ័ស្ដុភារកម្ម រោងចក្រចម្រាញ់ប្រេង និងចំណតសម្រាប់កប៉ាល់ទេសចរណ៍ព្រមទាំងអ្វីជាច្រើនទៀត”។

លោកបានគូសបញ្ជាក់ថា គម្រោងនេះនឹងក្លាយជាកំពង់ផែធំបំផុតទី៣នៅកម្ពុជា បន្ទាប់ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំព​ង់​ផែស្វយ័តក្រុងភ្នំពេញ៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here