រដ្ឋាភិបាលចិនគ្រោងបង្កើនការគាំទ្រឥណទានដល់គម្រោង វិនិយោគរបស់វិស័យឯកជន

0

ដោយ: គង់ លាងហួរ

ប៉េកាំង: សារព័ត៌មានរដ្ឋចិន People’s Daily បានរាយការណ៍ថា ក្រុមអ្នករៀបចំផែនការរដ្ឋរបស់ប្រទេសចិន គ្រោងនឹងបង្កើនការគាំទ្រផ្នែកឥណទាន សម្រាប់គម្រោងជាមួយ នឹងការវិនិយោគឯកជន ដើម្បីជំរុញការវិនិយោគទុន ឯកជនបន្ថែមទៀតនៅក្នុងគម្រោងធំៗ។ទោះបីជាកំណើនសេដ្ឋកិច្ចចិន មានភាពល្អប្រសើរជាងការរំពឹងទុកនៅក្នុងត្រីមាសទី១យ៉ាងណាក្តី ប៉ុន្តែការវិនិយោគសាធារណៈមានការកើនឡើង លើសពីការវិនិយោគឯកជន ដែលបានធ្លាក់ចុះយ៉ាងខ្លាំង។

ទិន្នន័យផ្លូវការបានបង្ហាញថា ការវិនិយោគលើទ្រព្យសកម្មថេររបស់វិស័យឯកជន បានកើនឡើងត្រឹមតែ០,៦ភាគរយ ក្នុងអំឡុងខែមករាដល់ខែមីនាធៀបនឹងឆ្នាំមុន ខណៈដែលការវិនិយោគលើវិស័យរដ្ឋបានកើនឡើង១០ភាគរយ។

យោងតាមមន្ត្រីមួយរូប មកពីគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ (NDRC) បានមានប្រសាសន៍ថា ជាផ្នែកមួយនៃគោលបំណងដើម្បីលើកទឹកចិត្ត ដល់ការវិនិយោគឯកជន ក្រុមហ៊ុនវិនិយោ​គឯកជន នឹងត្រូវបានប្រព្រឹត្តដោយស្មើភាពគ្នា និងគ្មានការរើសអើង នៅពេលចែកចាយមូលនិធិវិនិយោគរបស់រដ្ឋាភិបាល។

កាសែត People’s Daily បានដកស្រង់សម្តីមន្ត្រីរូបនេះថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារផលប៉ះពាល់ពីស្ថានភាពសេដ្ឋកិច្ចពិភពលោក និងជំងឺរាតត្បាត ក្រុមហ៊ុនឯកជនមួយចំនួនបានទទួលរងការធ្លាក់ចុះនៃប្រាក់ចំណេញ កង្វះលំហូរសាច់ប្រាក់ និងអសមត្ថភាពក្នុងការវិនិយោគឡើងវិញ”។

លើសពីនេះទៀត ក្រុមហ៊ុនឯកជនមួយចំនួន ប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុ និងការចំណាយហិរញ្ញវត្ថុខ្ពស់ដែលបណ្តាលឱ្យពួកគេមិនមានលទ្ធភាពចូលរួម ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here