ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋបាលរបស់ទីក្រុងហុងកុង បានសម្រេចចិត្តខុសពីការរំពឹងទុករបស់ទីផ្សារ ដោយបានប្រកាសថា ខ្លួននឹងលក់ដីលំនៅដ្ឋានតែ២ឡូតិ៍ប៉ុណ្ណោះ នៅក្នុងត្រីមាសទី២ នៃឆ្នាំហិរញ្ញវត្ថុ ពោលគឺប្រហែលពាក់កណ្តាល នៃចំនួនដែលបានព្យាករណ៍ ដោយអ្នកវិភាគមួយចំនួន។
ក្បាលដីនៅ Kai Tak ដែលជាទីតាំងរបស់អតីតព្រលានយន្តហោះអន្តរជាតិរបស់ហុងកុង និងតំបន់ Tung Chung នៅលើកោះ Lantau ដែលនឹងអាចសាងសង់ផ្ទះល្វែង សរុបចំនួន១.៧៣៩ខ្នង នឹងត្រូវដាក់លក់ដេញថ្លៃ នៅចន្លោះខែកក្កដាដល់ខែកញ្ញាខាងមុខនេះ។
ការផ្តល់នេះគឺតិចជាង បើធៀបទៅនឹងការផ្តល់ផ្ទះល្វែងចំនួន២.៤០០ខ្នង ពីទីតាំងចំនួន២ ដែលស្ថិតនៅក្នុងតំបន់លំនៅដ្ឋាន Kennedy Town និងទីក្រុង Tsuen Wan នៅក្នុងរយៈពេល៣ខែ ដែលគិតពីខែមេសា រហូតដល់ខែមិថុនាកន្លងមកនេះ។
ទោះជាយ៉ាងនេះក្តី ការផ្គត់ផ្គង់សរុបសម្រាប់ឆមាសទី១ នៃឆ្នាំហិរញ្ញវត្ថុ រួមទាំងការអភិវឌ្ឍឯកជន ត្រូវបានគេរំពឹងថានឹង ផ្គត់ផ្គង់ផ្ទះល្វែងចំនួន៨.២៨០ខ្នង ដែលស្មើប្រហែល៦៥ភាគរយ នៃគោលដៅប្រចាំឆ្នាំរបស់រដ្ឋបាលក្រុងហុងកុងសម្រាប់លំនៅដ្ឋាន។ក្រុមអ្នកវិភាគបានលើកឡើងថា ការដាក់លក់ដីតិចតួចដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងត្រីមាសទីពីរ អាចឆ្លុះបញ្ចាំងពីស្ថានភាពទីផ្សារដ៏អាប់អួរ ទោះបីជារដ្ឋបាលក្រុងហុងកុងបានបដិសេធថា នេះមិនមែនជាកត្តាមួយ ក្នុងការសម្រេចចិត្តរបស់ខ្លួនយ៉ាងណាក្តី៕