តើអនុក្រិតថ្មីលេខ៥០បស់រដ្ឋាភិបាលគ្របដណ្តប់លើផ្នែកអ្វីខ្លះ ក្នុងវិស័យអចលនវត្ថុ?

0
default

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញអនុក្រឹត្យ ដើម្បីធ្វើការគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្ម អភិវឌ្ឍអចលនវត្ថុ សំ​ដៅដល់ការធានាឱ្យបាននូវប្រសិទ្ធភាព តម្លាភាព សមធម៌ បង្កើនការទុកចិត្ត និងទាក់ទាញអ្នកវិនិយោគបន្ថែមមកកម្ពុជា។

យោងតាមអនុក្រឹត្យលេខ៥០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា​ ឆ្នាំ២០២៣ អាជីវកម្មអភិវឌ្ឍអចលនវត្ថុ សំដៅដល់សកម្មភាពពាណិ​ជ្ជកម្ម ឬវិនិយោគគ្រប់ប្រភេទ ក្នុងគោលបំណងសាងសង់លំនៅឋាន អគារសហកម្មសិទ្ធិ ឬអភិវឌ្ឍដីឡូតិ៍សម្រាប់លក់ ឬជួល។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ជាអ្នកមានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដែលជាអ្នកអនុញ្ញាតចេញអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតក្នុងការប្រកបអាជីវកម្ម។

អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ត្រូវបានបែងចែកជាបីដូចជា ទី១ អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍលំនៅឋាន ទី២ អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ និងទី៣ អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍដីឡូត៍។

លើសពីនេះ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ត្រូវបានចែកចេញជា២ប្រភេទផងដែរដូចជា ទី១ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មប្រភេទ១ ផ្ដល់ជូនបុគ្គល អភិវឌ្ឍអចលនវត្ថុទាំងឡាយណា ដែលសាងសង់គម្រោងចប់ជាស្ថាពរទើបប្រកាសលក់ឬជួល ទី២ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២៖ ផ្តល់ជូនបុគ្គលអភិវឌ្ឍអចលនវត្ថុទាំងឡាយ ណាដែលសាងសង់គម្រោងបណ្ដើរ និងប្រកាសលក់ ឬជួលបណ្ដើរ។

លើសពីនេះ បុគ្គលអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិដែលទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ប្រភេទ១ អា​ចដំណើរការប្រតិបត្តិការលក់ ឬជួល បន្ទាប់ពីគម្រោងត្រូវបានបញ្ច​ប់ការសាងសង់ជាស្ថាពរ។

ចំណែកបុគ្គលអភិវឌ្ឍន៍លំនៅឋាន ឬអគារសហកម្មសិទ្ធិដែលទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២ អាចដំណើរការប្រតិបត្តិការលក់ ឬជួលបន្ទាប់ពីទទួលបានអាជ្ញាបណ្ណពីន.អ.ប.៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here