ដោយៈ និស្ស័យ
កោះកុងៈ អភិបាលនៃគណៈអភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង លើកទឹកចិត្តដល់សាធារណជន និងជំរុញការវិនិយោគតាមរយៈការកសាងទំនុកចិត្តវិនិយោគិនឱ្យវិនិយោគក្នុងប្រទេសកម្ពុជា ជាពិសេស វិនិយោគិនពីបរទេស។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ខេត្តកោះកុង ជាខេត្ត ដែលមានសក្ដានុពលមួយនាទិសនិរតី និងជាខេត្តមួយក្នុងចំណោមខេត្តជាប់សមុទ្រទាំងបួន និងស្ថិតនៅប៉ែកនីរតីបំផុតនៃប្រទេសកម្ពុជា ហើយមានព្រំប្រទល់ខាងកើត ជាប់នឹងខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ខាងលិច និងខាងត្បូងជាប់នឹងឈូងសមុទ្រ និងប្រទេសថៃ និងខាងជើងជាប់ខេត្តពោធិ៍សាត់។
ខេត្តកោះកុង មានក្រុងចំនួន១ និងស្រុកចំនួន៦ ឃុំចំនួន២៦ និងសង្កាត់ចំនួន៣ ដែលបានបែងចែកជា១១៩ភូមិ និងមានផ្ទៃដីសរុប១០,០៤៥.៥៨ គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុបប្រមាណជាង១៤៧.៨៣១នាក់។
សម្រាប់ប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំ របស់ប្រជាពលរដ្ឋម្នាក់ៗមានចំនួន១.៧៤៦ដុល្លារ ក្នុងឆ្នាំ២០២២ ដែលមានការកើនឡើងប្រមាណ៨១២% បើប្រៀបធៀបទៅចំណូលប្រចាំឆ្នាំ២០១៧ ដែលមានចំនួន១.៤១៨ ដុល្លារ និងអត្រាភាពក្រីក្រឆ្នាំ២០២១។ ទំហំសេដ្ឋកិច្ចខេត្តទាំងមូល មានចំនួនប្រមាណ២៨២លានដុល្លារ ស្មើ ១,០៣% នៃសេដ្ឋកិច្ចជាតិ។ខេត្តកោះកុង ជាខេត្តដែលមានសម្បត្តិធម្មជាតិព្រៃឈើ ភ្នំ ដែលមិនអាចចូលទៅដល់ដ៏ធំ ល្វឹងល្វើយហ៊ុំព័ទ្ធដោយផ្នែក នៃជួរភ្នំក្រវ៉ាញ និងឧទ្យានជាតិដ៏ធំបំផុតរបស់កម្ពុជា គឺឧទ្យានជាតិ បទុមសាគរ និងក៏ជាផ្នែកមួយនៃឧទ្យានជាតិគិរីរម្យ និងជីវចម្រុះដ៏សំបូរបែប ឆ្នេរសមុទ្រដ៏វែង ដែលមានប្រវែងសរុប២១៥គីឡូម៉ែត្រ ស្មើនឹងជាង ៥០% នៃឆ្នេរសមុទ្រ របស់ប្រទេសកម្ពុជាទាំងមូល។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសិក្សាក្នុងការអភិវឌ្ឍនៅតំបន់នេះ ឱ្យប្រែក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចមួយ ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិផងដែរ។ ជាពិសេសខេត្តនេះ ក៏ជាតំបន់នាំចេញ និងនាំចូលទំនេញរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃផងដែរ។
លោកជំទាវមិថុនា ភូថងបានបន្តថា ជាការពិតណាស់ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់គិតគួរ ដល់ប្រជាពលរដ្ឋលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ដែលស្តែងឱ្យឃើញតាមរយៈការធ្វើកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច ដែលជាលទ្ធផលអត្រាប្រាក់ចំណូលប្រចាំឆ្នាំ របស់ប្រជាពលរដ្ឋម្នាក់ៗនៅខេត្តកោះកុង មានការកើនឡើងជាលំដាប់ ដែលបានរួមចំណែកក្នុងការ កាត់បន្ថយអត្រាភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។លោកជំទាវបន្តថា ដើម្បីទទួលបាននូវកំណើនសេដ្ឋកិច្ច មួយប្រកបដោយចីរភាព វាទាមទារឱ្យមាននូវប្រព័ន្ធហិរញ្ញវត្ថុមួយដ៏រឹងមាំ ដូច្នេះរាជរដ្ឋាភិបាលបាន ដាក់ចេញនូវ“យុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ២០១៦ ២០២៥ ដែលនឹងត្រូវធ្វើបច្ចុប្បន្នភាពទៅជា “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០ ជាយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុ រយៈពេលវែង រួមមាន វិស័យធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងនោះវិស័យបរធនបាលកិច្ច និងជាយុទ្ធសាស្ត្រ ជួយជំរុញកំណើនសេដ្ឋកិច្ច និងសង្គមនៅព្រះរាជាណាចក្រកម្ពុជា៕