ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នាដើមសប្តាហ៍នេះ បានធ្វើការក្រើនរំឭកទៅ ដល់អ្នកក្នុងវិស័យអចលនទ្រព្យឱ្យចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន ចំពោះកាតព្វកិច្ចដាក់របាយការណ៍ ដែលរដ្ឋាភិបាលបានកំណត់នាពេលកន្លងមក។
ការផ្សព្វផ្សាយនៅលើបណ្តាញសង្គម ផ្លូវការរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ កាលពីថ្ងៃទី៣ ខែកក្កដា បានក្រើនរំឭកអំពីការអនុវត្ត កាតព្វកិច្ចដាក់របាយការណ៍ សម្រាប់អ្នកប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុ អ្នកប្រកបអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ និងអ្នកប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។
ខ្លឹមសារនៃលិខិតដែលចុះកាលបរិច្ឆេទ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានសរសេរថា “និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ(ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ(អ.ស.ហ.) មានកិត្តិយសសូមក្រើនរំឭកដល់ អ្នកឧកញ៉ា/ឧកញ៉ា/លោក/លោកស្រី/អ្នកនាង/កញ្ញា ជាម្ចាស់ក្រុមហ៊ុន/សហគ្រាស/គម្រោង ដែលបានទទួលអាជ្ញាប័ណ្ណ ប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ និងអាជីវកម្មបញ្ចាំ និង/ឬអាជីវកម្មប្រាតិភោគដោយអនុប្បទាន ពី ន.អ.ប. ឬក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវធ្វើការបំពេញកាតព្វកិច្ច ផ្តល់របាយការណ៍ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាដូចមានក្នុងសេចក្តីជូនដំណឹង។
យោងតាមខ្លឹមសានៃសេចក្តីជូនដំណឹងនោះ គឺផ្តោតជាសំខាន់ទៅលើការផ្ញើរបាយការណ៍ សកម្មភាពប្រតិបត្តិការប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ របស់ក្រុមហ៊ុននានា មកកាន់ ន.អ.ប.។
ម្ចាស់ក្រុមហ៊ុនមួយរូបបានលើកឡើងថា ក្នុងនាមជាក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណស្របច្បាប់ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា(ក្រុមហ៊ុនទិញ-លក់អចលនទ្រព្យ, ក្រុមហ៊ុនគ្រប់គ្រង, វាយតម្លៃ, ក្រុមហ៊ុនអភិវឌ្ឍន៍…ភ្នាក់ងារ) គឺតែងតែចូលរួមសហការ និងអនុវត្តយ៉ាងពេញលេញទៅតាមគោលការណ៍ និងសេចក្តីណែនាំរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដូចជា របាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំជាដើម។
យោងតាមទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ក្រសួងបានផ្ដល់លិខិត អនុញ្ញាតឱ្យសាងសង់ចំនួន ១ ៤៦៣គម្រោង លើផ្ទៃក្រឡាអគារជាង៥លានម៉ែត្រការ៉េ ក្នុងទុនវិនិយោគជាង២ ២៧០លានដុល្លារ កើនឡើង១៣៨,៥២ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕