ដោយ: គង់ លាងហួរ
ប៉េកាំង: ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យចំនួន៤ ដែលបានចុះបញ្ជីនៅក្នុងប្រទេសចិនបានប្រកាសថា ពួកគេបានទទួលការយល់ព្រមលើការផ្តល់ហិរញ្ញប្បទានឡើងវិញ តាមរយៈការបោះផ្សាយលក់ភាគហ៊ុនសរុប២,៨ពាន់លានដុល្លារ។
ក្រុមអ្នកឃ្លាំមើលមូលបត្ររបស់ប្រទេសចិន បានអនុម័តសំណើរពីក្រុមហ៊ុនអចលនទ្រព្យចំនួន៥ ក្នុងខែនេះ ដើម្បីបោះផ្សាយភាគហ៊ុនថ្មីដែលមានតម្លៃ២៨,៤ពាន់លានយ័ន ដើម្បីកាត់បន្ថយការរឹតបន្តឹងលើការរៃអង្គាសប្រាក់ក្នុងវិស័យនេះ បន្ទាប់ពីវិបត្តិបំណុលបានផ្ទុះឡើងក្នុងឆ្នាំ២០២១។ក្រុមអ្នកបង្កើតគោលនយោបាយ បានដាក់ចេញវិធានការយ៉ាងទូលំទូលាយកាលពីខែវិច្ឆិកាកន្លងទៅ ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួល និងស្តារស្ថិរភាពក្នុងវិស័យអចលនទ្រព្យ ប៉ុន្តែទំនុកចិត្តទីផ្សារនៅតែទន់ខ្សោយ ហើយការខកខានសងបំណុល នៅតែបន្តកើតឡើង។
ក្រុមហ៊ុនអចលនទ្រព្យគ្រប់គ្រងដោយរដ្ឋចិន China Merchants Shekou Industrial Zone គឺជាក្រុមហ៊ុនដំបូងគេ ដែលទទួលបានការយល់ព្រមបែបនេះ កាលពីថ្ងៃទី១៦ ខែមិថុនា។
ក្រុមហ៊ុនបានដាក់ពាក្យ សុំបោះផ្សាយលក់ភាគហ៊ុនថ្មីចំនួន៨,៥ពាន់លានយ័ន ដល់វិនិយោគិនចំនួន៣៥រូប ហើយក្រុមហ៊ុននឹងប្រើប្រាស់ប្រាក់ចំណូល ដែលទទួលបានទៅលើគម្រោងលំនៅដ្ឋានដែលមានស្រាប់ចំនួន១០ និងការទូទាត់សងបំណុលផ្សេងទៀត។
ក្រុមហ៊ុនចំនួន៤ផ្សេងទៀត ដែលបានទទួលភ្លើងខៀវកាលពីថ្ងៃអង្គារគឺក្រុមហ៊ុន Poly Developments AMD Holdings ដែលបានចុះបញ្ជីនៅក្រុងសៀងហៃ ក្រុមហ៊ុន Greattown Holdings និងក្រុមហ៊ុន Shenzhen Hubei Fuxing Science and Technology Co និងក្រុមហ៊ុន CCCG Real Estate ។
លោកYan Yuejin នាយកផ្នែកស្រាវជ្រាវនៅវិទ្យាស្ថាន E-House China R&D Institute បានលើកឡើងថា “ប្រសិនបើការបោះផ្សាយលក់ភាគហ៊ុន ត្រូវបានបញ្ចប់ដោយជោគជ័យ នោះវានឹងជួយធ្វើឱ្យប្រសើរឡើង នូវលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន និងស្ដារការរំពឹងទុកនៃការវិនិយោគ នៅលើទីផ្សារអចលនទ្រព្យឡើងវិញផងដែរ”៕