ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ហេដ្ឋារចនាសម្ព័ន្ឋ តំបន់ពាណិជ្ជកម្មចម្រុះ កត្តាប្រជាសាស្រ្ត និងរសនិយមនៃការរស់នៅរបស់ប្រជាពលរដ្ឋ បាននិងកំពុងហុចសក្តានុពលនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ។
ក្រសួងសាធារណៈ របស់រដ្ឋាភិបាលជាច្រើនបាន និងកំពុងសាងសង់ និងបញ្ចប់ការសាងសង់នៅតំបន់នេះ ដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណៈការ និងដឹកជញ្ជូនជាដើម។
ការសាងសង់គំរោង “ផ្សារដើមគ”ថ្មីនៅតំបន់បឹងតាមោឃ ឬបឹងកប់ស្រូវ និងគំរោងជាច្រើនទៀត បានទាក់ទាញអ្នកវិនិយោគជាច្រើនបោះទុនវិនិយោគលំនៅដ្ឋាន មានលក្ខណៈជាប្លុកពាណិជ្ជកម្ម លំនៅដ្ឋានផ្តោតលើអភិជន កាន់តែច្រើននៅតំបន់នេះ ដោយសារតំបន់នេះមានលក្ខណៈពិសេសមួយចំនួនដូចជា ទី១ មានទីតាំងនៅកៀកនឹងរមណីយដ្ឋានភ្នំរាប រមណីយដ្ឋានភ្នំប្រសិទ្ឋ និងជាតំបន់តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥១ ដែលជាតំបន់កំពុងមានការអភិវឌ្ឍលឿន ដោយមានរោងចក្រ សហគ្រាស លំនៅដ្ឋានមានលក្ខណៈជាបុរីច្រើន។ចំណុចលេខធ្លោមួយទៀត តំបន់នេះជាតំបន់មានមនុស្សរស់នៅច្រើន ដែលស្ថិតនៅកៀក នឹងពហុកីឡដ្ឋានមរតកតេជោ សួនទឹកធំលំដាប់លេខ៣នៅអាស៊ាន វិមានឈ្នះ ឈ្នះ និងផ្លូវជាតិលេខ៦អា ដែលជាតំបន់បណ្តុះដោយបុរីលំនៅដ្ឋានធំៗ ពិសេសទីក្រុងរណបធំៗចំនួន៣ បាននិងកំពុងអភិវឌ្ឍន៍នៅតំបន់នេះ ដូចជា ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត ទីក្រុងរណបមរតកតេជោ ទីក្រុងរណបដឺបូតានិកស៊ីធីជាដើម។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានថ្លែងថា ស្របពេលចំនួនអ្នកមានជីវភាពធូរធារ បានកើនឡើងកាន់តែច្រើន តំបន់ស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ បាននិងកំពុងទាក់ទាញក្រុមអភិជនជាច្រើនទៅរស់នៅតំបន់នេះ ដោយសារហេដ្ឋារចនាសម្ព័ន្ឋកាន់តែប្រសើរ ផ្សារទំនើបធំៗ និងអាគារក្រសួងរបស់រដ្ឋាភិបាល បាននិងកំពុងឆ្ពោះមកកាន់តំបន់នេះ។
លោកឧកញ៉ាបានបន្តថា “ការរីកចម្រើនតំបន់មួយ និងតំបន់មួយណា ដែលទាក់ទាញអ្នកមានមករស់នៅច្រើនជាងគេ ជាតំបន់ដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅ និងការធ្វើដំណើរ”៕