ដោយៈ ហ្វីអូណា
ភ្នំពេញៈ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងតាមដាន និងពិនិត្យមើលគម្រោងបុរីទាំងឡាយណា ដែលទទួលប្រាក់ពីអតិថិជនរួចហើយ ប៉ុន្តែមិនទាន់បានផ្ទះប្រគល់ជូនអតិថិជន ទៅតាមការកិច្ចសន្យាទិញ-លក់ ដើម្បីឈានទៅរកការចាត់ចំណាត់ការចំពោះគម្រោងបុរីនោះ។
លោក ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បញ្ជាក់មានប្រសាសន៍ឲ្យដឹង កាលពីដើមសប្តាហ៍នេះថា ក្នុងករណីនេះ និយ័តករកំពុងតាមដាន និងពិភាក្សាគ្នា ដើម្បីមានចំណាត់ការទៅលើគម្រោងបុរីណា ដែលទទួលយកប្រាក់ពីអតិថិជនហើយ តែបែរជាពុំទាន់សាងសង់រួចរាល់ ឬក៏គ្មានផ្ទះប្រគល់ជូនអតិថិជនទៅតាមកិច្ចសន្យា។លោកបានគូសបញ្ជាក់ថា នៅពេលអតិថិជនបង់ប្រាក់យឺតយ៉ាវ ឬក៏សុំពន្យាពេលបង់រំលស់ផ្ទះ ដោយសារជួបបញ្ហាហិរញ្ញវត្ថុ ប៉ុន្តែត្រូវបានម្ចាស់បុរីមួយចំនួនរឹបអូសផ្ទះ របស់ពួកគាត់ត្រឡប់ទៅវិញ ដូច្នេះយើងក៏អាចធ្វើឲ្យមានតម្លាភាពដូចគ្នាដែរ”។ ទោះជាយ៉ាងណា លោក ជូ វណ្ណៈ បានថ្លែងថា និយ័តករអចលនវត្ថុ និងបញ្ចាំ ក៏ចង់ឃើញភាគីម្ចាស់បុរី និងអតិថិជន ជួបពិភាក្សាគ្នា និងមានដំណោះស្រាយជាមួយគ្នា ដោយការយោគយល់ផងដែរ។
ចំណែកឯករណីប្រជាពលរដ្ឋ ដែលទិញផ្ទះបង់រំលស់ជួបបញ្ហាហិរញ្ញវត្ថុ ក្នុងការបង់សងទៅម្ចាស់បុរី ដែលបានមកដាក់ពាក្យស្នើសុំជួយសម្របសម្រួលពីនិយ័តករអចលនវត្ថុ និងបញ្ចាំ រហូតមកដល់ពេលនេះ កើនដល់ពី៤៦០ទៅ ៤៧០នាក់ហើយ។ នេះបើតាមលោក ជូ វណ្ណៈ។ ជាដំណោះស្រាយ លោកអះអាងថា និយ័តករ នឹងចាប់ផ្តើមធ្វើការដោះស្រាយ ក៏ដូចជា សម្របសម្រួលគ្នារវាងម្ចាស់បុរី និងអតិថិជន ជាបណ្តើរៗ ចាប់ពីខែសីហានេះតទៅហើយ បន្ទាប់ពីនិយ័តករ បានប្រជុំអន្តរក្រសួង ដើម្បីពិភាក្សារកដំណោះស្រាយ កាលពីថ្ងៃទី ១៣ខែកក្កដាកន្លងទៅថ្មីៗនេះ។ទន្ទឹមនឹងនេះ លោក ជូ វណ្ណៈ សង្ឈឹមថា ទាំងភាគីម្ចាស់បុរី និងអតិថិជន នឹងមានការយោគយល់គ្នា ក្នុងគ្រាដ៏លំបាកនេះ ដោយទទួលយកយន្តការដោះស្រាយឈ្នះឈ្នះ ទាំងអស់គ្នា។
កាលពីដើមខែមិថុនា កន្លងទៅនេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.)នៃក្រសួងសេដ្ឋកិច្ច បានអំពាវនាវដល់អតិថិជនទាំងអស់ដែលបានទិញលំនៅឋាន ឬអគារសហកម្មសិទ្ធិ (ខុនដូ) ពីគម្រោងអភិវឌ្ឍន៍អចលនវត្ថុ ហើយត្រូវបានម្ចាស់គម្រោងអភិវឌ្ឍន៍អចលនវត្ថុធ្វើការរឹបអូសយកវិញនូវលំនៅឋាន ឬអគារសហកម្មសិទ្ធិ (ខុនដូ) ដោយសារមានបញ្ហាខកខានក្នុងការបង់ប្រាក់ សូមជូនដំណឹងមកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំជាបន្ទាន់ ដើម្បីធ្វើការសម្របសម្រួល ជាមួយម្ចាស់គម្រោង។ការចេញសេចក្តីជូនដំណឹងនិយ័តករ អាជីវកម្មអចលនវត្ថុ និងបញ្ចាំបែបនេះ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវពាវឱ្យម្ចាស់បុរីទាំងអស់បញ្ឈប់ សកម្មភាពរឹបអូសផ្ទះ របស់អតិថិជនជាបន្ទាន់ និងស្នើឱ្យមានវិធានការរៀបចំឥណទានថ្មីឡើងវិញ ឬក៏ពន្យារពេលនៃការបង់ប្រាក់៕