ដោយគង់ សូរិយា
ភ្នំពេញ៖ ការសិក្សាថ្មីមួយ ដែលធ្វើឡើងដោយក្រុមហ៊ុន CBRE Cambodia បានរកឃើញថា តម្លៃដីនៅតំបន់ជាយក្រុងនឹងកើនឡើងខ្លាំងនៅឆ្នាំនេះ ហើយបញ្ហានៃការដកប្រព័ន្ឋអនុគ្រោះពន្ឋ (EBA) នឹងមិនជះឥទ្ឋិពលជាដុំកំភួនដល់វិស័យនេះនោះទេ។
អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេស នៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី១៥ កុម្ភៈកន្លងមកថា តម្លៃដីនៅជាយក្រុងជាផ្នែកមួយ ក្នុងចំណោមផ្នែកសំខាន់ៗចំនួន៣ នៃវិស័យអចលនទ្រព្យ ដែលនឹងមានភាពល្អប្រសើរនៅឆ្នាំនេះ។
អ្នកនាងបន្តថា តម្លៃដីនៅជាយក្រុងកើនឡើង ដោយសារការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ការពង្រីកទីក្រុង និងអ្នកវិនិយោគបានងាកទៅវិនិយោគនៅតំបន់ជាយក្រុងកាន់តែច្រើន ព្រោះតម្លដីនៅក្នុងទីក្រុងកើនឡើងខ្ពស់ ដែលធ្វើឲ្យពួកគាត់មិនអាចវិនិយោគសាងសង់បុរី ឬលំនៅដ្ឋានានាបានចំណេញ។
អ្នកនាងបន្តថា “កំនើនប្រជាសាស្រ្តនៅតំបន់ជាយក្រុង ការកសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ពិតជាកត្តាសំខាន់ដែលធ្វើឲ្យតំបន់ជាយក្រុងភ្នំពេញ មានការអភិវឌ្ឍលឿន និងធ្វើឲ្យតម្លៃដីកើនឡើងខ្ពស់”។
ជាមួយគ្នានេះ លោក កាង សុទ្ឋី អគ្គនាយកនៃក្រុមហ៊ុនC entury21 Land station Real estate បានមានប្រសាសន៍ឲ្យដឹងផងដែរថា តម្លៃដីនៅតំបន់ជាយក្រុងពិតជាកើនឡើង ប៉ុន្តែតម្លៃតំបន់ខ្លះនៅមានភាពសមរម្យអាចទទួលយកបាន តែតំបន់ខ្លះបានកើនឡើងខ្ពស់លើសការរំពឹងទុក ដែលមិនអាចទិញវិនិយោគរកផលចំណេញបានឡើយ។លោកបន្តដោយចង្អុលបង្ហាញថា តម្លដីនៅជាយក្រុងភ្នំពេញ នៅតំបន់កំបូល និងនៅតាមណ្តោយផ្លូវជាតិលេខ៦អា ជាតំបន់ដែលតម្លៃដីកើនខ្ពស់ជាងគេ។
ជាមួយគ្នានេះ លោកបណ្ឌិតគីម ហ៊ាងអតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា តម្លៃដីធ្លីដែលដាក់លក់ភាគច្រើនមានតម្លៃលើសទីផ្សារចន្លោះពី៣០ទៅ៥០ភាគរយ ដែលវាមិនមែនជាតម្លៃពិតនៅលើទីផ្សារនោះទេ ព្រោះអ្នកលក់ចេះតែចង់បានតម្លៃខ្ពស់ ខណៈដីតំបន់នោះមិនទាន់មានតម្លៃដល់កម្រិតពួកគេចង់បាននៅឡើយ។
លោកបន្តថា “តម្លៃដីពិតលើទីផ្សារមិនមែនជាតម្លៃដាក់លក់របស់អ្នកលក់ទេ តែជាតម្លៃដែលអ្នកទិញអាចទិញបាន”៕